(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត..!។
បានអញ្ជើញដឹកនាំគណៈប្រតិភូ ត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅវេលាម៉ោងជិត៩យប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។
បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការលើទឹកដីសាធារណរដ្ឋកូរ៉េ ឬហៅថាៈ កូរ៉េខាងត្បូងរយៈពេល៤ថ្ងៃ។
ដំណើរចេញពីទីក្រុងសេអ៊ូល សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈប្រតិភូទទួលបានការជូនដំណើរពីឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកូរ៉េ ព្រមទាំងមន្ត្រីកម្ពុជាប្រជានៅកូរ៉េមួយចំនួនទៀត។
សូមរំលឹកថា៖ តបតាមការអញ្ជើញរបស់លោក យូន ស៊កយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូធ្វើដំណើរចេញទៅបំពេញទស្សនកិច្ចផ្លូវការលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រីលើទឹកដីកូរ៉េខាងត្បូង នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។
ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត លើទឹកដីកូរ៉េខាងត្បូងនាពេលនេះ បានផ្តោតជាសំខាន់ទៅលើការលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងកូរ៉េខាងត្បូង។
ពាក់ព័ន្ធការងារនយោបាយសម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយលោក យូន ស៊កយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង ជួបជាមួយលោក ហាន់ ដុកស៊ូ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង ជួបជាមួយលោក គីម ជីនផ្យូ ប្រធានរដ្ឋសភាកូរ៉េខាងត្បូង។
តាមរយៈជំនួបទាំងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំកំពូលៗរបស់កូរ៉េខាងត្បូង បានបង្ហាញការពេញចិត្តចំពោះចំណងទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងកូរ៉េខាងត្បូង រយៈពេលជិត៣០ឆ្នាំមកនេះ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ចសង្គម និងវប្បធម៌។
ក្នុងជំនួបកំពូលរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក យូន ស៊កយ៉ល ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ។
ដោយគ្របដណ្តប់លើវិស័យសំខាន់ៗរួមមាន វិស័យនយោបាយ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ និងសន្តិសុខ និងវិស័យផ្សេងៗទៀត។
ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ និងដំឡើងកម្រិតទំនាក់ទំនងទៅជា ភាពជាដៃគូយុទ្ធសាស្រ្ត ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការឱ្យកាន់តែជិតស្និទ្ធ និងប្រកបដោយវិបុលភាព។
ថ្នាក់ដឹកនាំទាំងពីរ ក៏បានរំលេចឡើងអំពីគំនិតផ្តួចផ្តើមចំនួនពីរ រួមមាន៖១) ការបង្កើតយន្តការពិគ្រោះយោបល់ទៀងទាត់ (Regular Consultation Sessions) រវាងសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា និង ២)ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់តែក្រុមហ៊ុនវិនិយោគកូរ៉េ តាមរយៈនៃការបង្កើតបរិស្ថានធុរកិច្ចអំណោយផលដោយឡែក សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុនកូរ៉េ ដែលធ្វើអាជីវកម្មនៅកម្ពុជា ដូចនៅក្នុងប្រទេសកូរ៉េ។
ចំពោះវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាលើការខិតខំជំរុញពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែល្អប្រសើរតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (Cambodia-Korea FTA) និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។
ទន្ទឹមនោះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពគ្នាជំរុញឱ្យកាន់តែល្អប្រសើរនៃទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។
លើវិស័យការពារជាតិ និងសន្តិសុខ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាយ៉ាងជិតស្និទ្ធរវាងកម្ពុជា-កូរ៉េ លើការហ្វឹកហាត់ផ្នែកយោធារួមគ្នា លើកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព តាមរយៈភាពជាដៃគូត្រីភាគីរវាងអង្គការសហប្រជាជាតិ-កូរ៉េ-កម្ពុជា (UN-ROK-Cambodia) និងលើកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដែលរួមមាន៖ បទល្មើសគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអ៉ីនធឺណិតជាដើម។
ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាលើវិស័យកសិកម្ម ការងារ ហេដ្ឋារចនាសម្ព័ន្ធ បរិវត្តកម្មឌីជីថល វប្បធម៌ និងសិល្បៈ។
ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាគ្នាលើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលក្នុងនោះ សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់កូរ៉េ ដែលបានចូលរួមជួយចំណែកនៅក្នុងក្របខ័ណ្ឌមេគង្គ និងការបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយ អាស៊ាន-កូរ៉េ (ASEAN-Korea Comprehensive Strategic Partnership)ជាដើម។
នៅក្នុងជំនួបជាមួយលោក ហាន់ ដុកស៊ូ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងវិញ លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បានគូសរំលេចថា កម្ពុជា គឺជាទិសដៅនៃការវិនិយោគ និងជាទីផ្សារដ៏មានសក្ដានុពលសម្រាប់វិស័យឧស្សាហកម្មកូរ៉េ ជាពិសេសឧស្សាហកម្មយានយន្ត។
លោកនាយករដ្ឋមន្ត្រី ក៏បានសម្តែងការគាំទ្រ និងពេញចិត្តចំពោះគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ក្រុមហ៊ុនកូរ៉េ និងការជំរុញឱ្យមានយន្តការនៃការជួបពិគ្រោះយោបល់ជាទៀងទាត់រវាងសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា និងបានបង្ហាញក្តីរីករាយក្នុងការបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការបន្ថែម តាមរយៈហិរញ្ញប្បទានឥតសំណង របស់ទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិកូរ៉េ (KOICA) និងឥណទានសម្បទានតាមរយៈមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF Loan)។
ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសកូរ៉េខាងត្បូងនាពេលនេះ បានបង្ហាញបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់នៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េខាងត្បូង តាមរយៈការសម្រេចលើកកម្ពស់ទំនាក់ទំនងទៅជា ដៃគូយុទ្ធសាស្ត្រ ដែលជាទំនាក់ទំនងកម្រិតខ្ពស់មួយ។
ក្រៅពីការព្រមព្រៀងគ្នាដំឡើងកម្រិតទំនាក់ទំនងទៅជា ដៃគូយុទ្ធសាស្ត្រ ហើយនោះ ប្រទេសទាំងពីរបានចុះហត្ថលេខាឯកសារសំខាន់ៗចំនួន៦ថែមទៀត ។
ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការធ្វើពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងគាំទ្រដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា។
ឯកសារទាំង៦នោះរួមមាន៖
១៖ ពិធីសារស្ដីពីវិសោធនកម្មក្របខ័ណ្ឌគម្រោង រវាងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និង រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា លើហរិញ្ញប្បទាន ស្តីពីមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៦ ។
២៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ។
៣៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងអង្គភាពកម្មសិទ្ធិបញ្ញានៃសាធារណរដ្ឋកូរ៉េ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា។
៤៖ លិខិតបង្ហាញឆន្ទៈ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ស្តីពីការគ្រប់គ្រងគ្រឿងញៀន រវាង អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលគយនៃសាធារណរដ្ឋកូរ៉េ។
៥៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកម្មវិធីអភិវឌ្ឍន៍ជំនាញ និងទេពកោសល្យវិជ្ជាជីវៈ រវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ។
៦៖ កិច្ចព្រមព្រៀងឥណទានសម្បទានទឹកប្រាក់ប្រមាណ ១២០លានដុល្លារ សម្រាប់គម្រោងកែលម្អផ្លូវជនបទជំហានទី៤ រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារនីហ័រណ-អាហ័រណកូរ៉េ។
ការវិនិយោគពីបរទេស គឺជាចំណែកសំខាន់ណាស់សម្រាប់ការកសាងសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន បង្កើតការងារ បង្កើតប្រាក់ចំណូល និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋខ្មែរឱ្យល្អប្រសើរ។
ឈរលើហេតុផលនេះហើយ ទើបរាល់ពេលនៃដំណើរទស្សនកិច្ចនៅក្រៅប្រទេសទាំងទស្សនកិច្ចផ្លូវការ ឬក្នុងក្របខណ្ឌនៃកិច្ចប្រជុំនានា សម្តេចធិបតី ហ៊ុន ម៉ាណែត មិនដែលរំលងសោះឡើយ កម្មវិធីជំនួបជាមួយអ្នកវិនិយោគបរទេស។
ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងនៅកូរ៉េខាងត្បូង ក្នុងឋានៈជានាយករដ្ឋមន្ត្រីរបស់កម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រឹងប្រែងសម្បើមណាស់ ក្នុងការទាក់ទាញការវិនិយោគពីកូរ៉េចូលមកកម្ពុជា។
នៅថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤ ចាប់តាំងពីព្រឹកព្រលឹម រហូតដល់ព្រលប់សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលជួបជាបន្តបន្ទាប់ជាមួយអ្នកវិនិយោគកូរ៉េ ដែលមានចំនួនសរុបរហូតដល់ទៅ៩។
ជំនួបបានធ្វើឡើងពីមួយក្រុមហ៊ុន ទៅមួយក្រុមហ៊ុន ដោយគ្មានពេលសម្រាក សូម្បីតែពេលបាយថ្ងៃត្រង់។
ក្នុងជំនួបជាមួយបណ្តាមេដឹកនាំក្រុមហ៊ុន ដែលក្រុមហ៊ុនខ្លះកំពុងរកស៊ីនៅកម្ពុជា និងក្រុមហ៊ុនខ្លះមិនទាន់រកស៊ីនៅកម្ពុជានៅឡើយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រឹងប្រែងបញ្ចុះបញ្ចូលពួកគេ ឱ្យពង្រីកទុនវិនិយោគបន្ថែមសម្រាប់ក្រុមហ៊ុនកំពុងរកស៊ីនៅកម្ពុជា រីឯក្រុមហ៊ុនមិនទាន់រកស៊ី គឺសុំឱ្យទស្សនកិច្ច ដើម្បីសិក្សាពីឱកាសសម្រាប់ការវិនិយោគ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រឹងប្រែងបង្ហាញស្ថានភាពអំណោយផលនានាសម្រាប់ផលចំណេញនៃការវិនិយោគនៅកម្ពុជា ដូចជាលក្ខខណ្ឌប្រទេសមានសុខសន្តិភាព មានស្ថេរភាព កម្លាំងពលកម្មវ័យក្មេង លំហទីផ្សារធំទូលាយ បូករួមជាមួយគោលនយោបាយផ្តល់ការគាំពារខ្ពស់ចំពោះអ្នកវិនិយោគពីរាជរដ្ឋាភិបាល។
តាមរយៈការប្រឹងប្រែងបញ្ចុះបញ្ចូល និងការពន្យល់របស់សម្តេចធិបតី បានធ្វើឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនបង្ហាញក្តីសោមនស្សចំពោះការវិនិយោគនៅកម្ពុជា។
ក្រុមហ៊ុនដែលកំពុងវិនិយោគ បង្ហាញបំណងពង្រីកការវិនិយោគ រីឯក្រុមហ៊ុនមិនទាន់វិនិយោគ ប្រកាសអញ្ជើញមកកម្ពុជា ដើម្បីឈ្វេងយល់ និងស្វែងរកឱកាសសម្រាប់ការវិនិយោគរបស់ពួកគេ។
ក្រៅពីនេះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញជាអធិបតីបើកវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ។
វេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋកូរ៉េ មានវិនិយោគិនចូលរួមទាំងកម្ពុជា និងកូរ៉េ សរុបជាង ៣០០នាក់ តំណាងឱ្យ១៩៨ក្រុមហ៊ុន។
តាមរយៈវេទិកានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកបង្ហាញសូចនាករសំខាន់ៗមួយចំនួន ដែលនឹងជួយឱ្យការវិនិយោគរបស់កូរ៉េទទួលបានការរីកចម្រើននៅកម្ពុជា។
សម្តេចធិបតី បានលើកបង្ហាញពីទំនាក់ទំនងល្អរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្នុងក្របខណ្ឌរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ក៏ដូចជាក្នុងក្របខណ្ឌនៃប្រជាជនប្រទេសទាំងពីរ, ការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ, ទីផ្សារដ៏ធំរបស់កម្ពុជា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងក្របខណ្ឌអាស៊ាន អាស៊ានបូកជាមួយដៃគូ អាសិប (RCEP) ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន, កម្ពុជា-កូរ៉េ និង កម្ពុជា-អេមីរ៉ាតអារ៉ាប់រួមជាដើម។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានលើកបង្ហាញពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តល់ការគាំទ្រខ្ពស់ចំពោះវិស័យឯកជន និងការវិនិយោគពីបរទេស ក៏ដូចជាស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា ដែលមានភាពល្អប្រសើរមុនពេលការរាតត្បាតនៃជំងឺកូវីដ១៩ ។
ដែលរក្សាកំណើនបានក្នុងរង្វង់៧ភាគរយប្រមាណ ២ទសវត្សរ៍ និងកំពុងទទួលបានស្ថានភាពកំណើនល្អប្រសើរឡើងវិញ ក្រោយការរាតត្បាតជំងឺកូវីដ១៩។
សម្តេចធិបតី បានអំពាវនាវដល់អ្នកធ្វើធុរកិច្ច និងអ្នកវិនិយោគ ដែលចូលរួមក្នុងវេទិកានេះ អញ្ជើញមកកាន់ប្រទេសកម្ពុចា ស្វះស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
សម្តេចធិបតី បានធានាអះអាងថា ពួកគេនឹងទទួលបានការរីកចម្រើនលើការវិនិយោគនិងធ្វើធុរកិច្ចនៅកម្ពុជា។
តាមរយៈវេទិកានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នារវាងអ្នកវិនិយោគរបស់កម្ពុជា និងសាធារណរដ្ឋកូរ៉េផងដែរ។
អនុស្សារណៈដែលបានចុះហត្ថលេខាមានចំនួន៦រួមមាន៖
១៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋកូរ៉េ។
២៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងធនាគារជាតិកម្ពុជា និង ធនាគារ JB Financial Group។
៣៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងធនាគារជាតិកម្ពុជា និង ធនាគារ KB Kookmin Bank។
៤៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងធនាគារជាតិកម្ពុជា និង ធនាគារ WOORI Bank។
៥៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងការិយាល័យឥណទានកម្ពុជា និង ការិយាល័យឥណទានកូរ៉េ ព្រមទាំងធនាគារ JB Bank។
៦៖ អនុស្សរណៈនៃការយោគយល់គ្នា រវាង Worldbridge Group និង ក្រុមហ៊ុន Daewoo E&C។
មុននឹងបញ្ចប់ដំណើរទស្សនកិច្ចត្រឡប់មកកម្ពុជាវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លៀតជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយសហគមន៍ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ សិក្សារៀនសូត្រ និងធ្វើការនៅប្រទេសកូរ៉េខាងត្បូង។
ក្នុងកិច្ចសំណេះសំណាលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញពីលទ្ធផលនៃដំណើរទស្សនកិច្ច បង្ហាញពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការគិតគូរដល់ការរស់នៅរបស់ពលរដ្ឋខ្មែរនៅក្នុងប្រទេសកូរ៉េខាងត្បូង។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ពីចំណាត់ការច្បាប់លើបុគ្គល ឡេង ចាន់ណា និងបក្ខពួក ដែលបានបង្កើតគម្រោងឆបោកប្រជាពលរដ្ឋ រួមទាំងអ្នករស់នៅកូរ៉េខាងផងដែរនោះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ពលរដ្ឋខ្មែរនៅកូរ៉េ ដែលបានប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាប្រយោជន៍រួមរបស់ខ្មែរ។ សម្តេចធិបតី បានបញ្ជាក់ថា គម្រោងនេះ នឹងចាប់ផ្តើមបើកការដ្ឋានក្នុងពេលឆាប់ខាងមុខនេះ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យជឿទុកចិត្តចុះថា សម្តេចនឹងប្រឹងប្រែងរក្សាសុខសន្តិភាព ជំរុញការអភិវឌ្ឍជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕