ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា យានរ៉ូបូតចិន Chang’e-6 បានចុះចតដោយជោគជ័យ នៅលើផ្ទៃរបស់ព្រះចន្ទ នាថ្ងៃអាទិត្យនេះ ។
នាឯចំហៀងម្ខាងទៀត ដែលមិនបែរមុខមករកផែនដី ដើម្បីប្រមូលយកគំរូតាងពីទីនោះ ត្រឡប់មកាន់ភពយើងវិញ។
យាន Chang’e-6 បានចុះចតនៅតំបន់ South-Pole-Aitken Basin របស់ព្រះចន្ទ ។
ខណៈវាជារណ្តៅអាចម៍ផ្កាយធំបំផុតមួយ ដែលអ្នកវិទ្យាសាស្រ្តបានដឹង នៅក្នុងប្រព័ន្ធព្រះអាទិត្យយើង។
បេសកកម្ម Chang’e-6 គឺជាលើកដំបូងបង្អស់ ដែលគំរូតាងនឹងត្រូវប្រមូលយក ពីតំបន់ដែលមានការស្រាវជ្រាវរុករុកតិចតួចមួយនេះ នៃឋានព្រះចន្ទ។
យាន Chang’e-6 ស្ថិតក្នុងបេសកកម្មមានរយៈពេលសរុប៥៣ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី៣ ខែឧសភា នៅពេលវាចាកចេញពីផែនដី។
ស្របពេលដែលឥឡូវ វាបានចុះចតដោយជោគជ័យហើយនោះ យានរ៉ូបូតចិនមួយនេះ នឹងចាប់ផ្តើមព្យាយាមប្រមូលយកគំរូតាង ដែលអាចប្រើពេលប្រមាណជា២ថ្ងៃ។
បន្ទាប់មក Chang’e-6 ចាំបាច់ត្រូវហោះឡើងចេញពីផ្ទៃព្រះចន្ទវិញ ដើម្បីត្រឡប់មកកាន់ផែនដី។
គួរបញ្ជាក់ថា៖ ចិនធ្លាប់បានបញ្ជូនយានរ៉ូបូតផ្សេងៗទៀត ឱ្យទៅចុះចតនិងធ្វើប្រតិបត្តិការ នៅលើផ្ទៃព្រះចន្ទក៏ដូចជាភពអង្គារ (Mars) ហើយជាប្រទេសទី៣ ដែលមានសមត្ថភាពនាំយកមនុស្សដោយខ្លួនឯងផ្ទាល់ ទៅកាន់ទីអវកាស។
ចិនមានគោលដៅបញ្ជូនក្រុមអវកាសយានិក ទៅកាន់ឋានព្រះចន្ទ ឱ្យបាននៅត្រឹមឆ្នាំ២០៣០ ហើយគ្រោងសាងសង់មូលដ្ឋានមួយ នៅទីនោះថែមទៀតផង។
រីឯសហរដ្ឋអាមេរិកវិញ ក៏កំពុងមានផែនការបញ្ជូនក្រុមអវកាសយានិកសាជាថ្មី ទៅកាន់ផ្ទៃព្រះចន្ទផងដែរ នៅឆ្នាំ២០២៦ តាមរយៈបេសកកម្ម Artemis 3 របស់ខ្លួន៕