ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ(អ.ស.ប) បានអំពាវនាវដល់ប្រទេសទាំងអស់សូមធ្វើតាមគំរូ នៃប្រទេសសមាជិក១៤៦ ដែលបានទទួលស្គាល់ អធិបតេយ្យភាព របស់រដ្ឋប៉ាឡេស្ទីន។
ក្រុមអ្នកជំនាញ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ របស់ពួកគេថាការទទួលស្គាល់នេះ ។
គឺជាការទទួលស្គាល់ដ៏សំខាន់មួយ ចំពោះសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន និងការតស៊ូ និងការរងទុក្ខរបស់ពួកគេក្នុងការស្វែងរកសេរីភាព និងឯករាជ្យ។
ក្រុមអ្នកជំនាញ បានសង្កត់ធ្ងន់ថា ប៉ាឡេស្ទីន ត្រូវតែអាចទទួលបានសិទ្ធិកំណត់ដោយខ្លួនឯងពេញលេញ រួមទាំងសមត្ថភាពក្នុងការកំណត់ជោគវាសនាផ្ទាល់ខ្លួន និងអភិវឌ្ឍដោយសេរីជាប្រជាជនដែលមានសុវត្ថិភាព និងសន្តិសុខ។
ពួកគេបានសង្កត់ធ្ងន់ថា នេះគឺជាលក្ខខណ្ឌមុនសម្រាប់សន្តិភាពយូរអង្វែងសម្រាប់ប៉ាឡេស្ទីន និងទូទាំងតំបន់មជ្ឈិមបូព៌ា ។
ហើយពួកគេបាននិយាយថា វាចាប់ផ្តើមដោយការប្រកាសភ្លាមៗនៃបទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សា និងគ្មានការឈ្លានពានយោធាបន្ថែមទៀតចូលទៅក្នុងទីក្រុងរ៉ាហ្វា (Rafah) ឡើយ។
ក្រុមអ្នកជំនាញ បានស្វាគមន៍ការទទួលស្គាល់ថ្មីៗនៃរដ្ឋប៉ាឡេស្ទីនដោយប្រទេសន័រវេស អៀរឡង់ និងអេស្ប៉ាញ។
ពួកគេបាននិយាយថាទោះបីជាការរំពឹងទុកនៃសន្តិភាពពិតប្រាកដ និងការបញ្ចប់ការកាន់កាប់នៅតែមិនអាចសម្រេចបាន ចាប់តាំងពីកិច្ចព្រមព្រៀង Oslo ជាង ៣០ឆ្នាំមកនេះក៏ដោយ ។
ក៏ដំណោះស្រាយនយោបាយមិនគួរត្រូវបានចាត់ទុកថា ជារឿងដែលមិនអាចកើតមានឡើយ។
ក្រុមអ្នកជំនាញបាននិយាយថាដំណោះស្រាយរដ្ឋពីរនៅតែជាមាគ៌ាតែមួយគត់ ។
ដែលបានឯកភាពគ្នានៅលើឆាកអន្តរជាតិ ដើម្បីសន្តិភាព និងសន្តិសុខសម្រាប់ទាំងប៉ាឡេស្ទីន និងអ៊ីស្រាអែល និងជាផ្លូវចេញពីវដ្តនៃអំពើហិង្សាបន្តជំនាន់។
ក្រុមអ្នកជំនាញ ក៏បានជំរុញឱ្យបណ្តាប្រទេសចៀសវាងពីការគំរាមកំហែង និងការវាយប្រហារលើតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) និងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។
ដោយបានសង្កត់ធ្ងន់ថា តុលាការទាំងនេះត្រូវតែដំណើរការដោយគ្មានការជ្រៀតជ្រែកពីបរទេស ។
ដើម្បីគាំទ្រយុត្តិធម៌ និងការទទួលខុសត្រូវជាសកលសម្រាប់ជនរងគ្រោះទាំងអស់នៃជម្លោះនេះ៕