នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ(UN)លោក Antonio Guterres បាននិយាយថា៖ លោកថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ទៅលើការវាយប្រហារ នាពេលថ្មីៗនេះ របស់យោធាមីយ៉ាន់ម៉ា ។
ដែល បានសម្លាប់ជនស៊ីវិល ជាច្រើននាក់នៅរដ្ឋ Rakhine ភាគខាងលិច និងតំបន់ Sagain ភាគខាងជើង។
-នេះបើតាមព័ត៌មាន AFP នាថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០២៤។
អ្នកនាំពាក្យលោក Guterres គឺលោក Stephane Dujarric បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា លោកអគ្គលេខាធិការ ថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារនាពេលថ្មីៗនេះ របស់យោធាមីយ៉ាន់ម៉ា ដែលត្រូវគេរាយការណ៍ថា បានផ្តាច់ជីវិតជនស៊ីវិលជាច្រើននាក់ រួមមានទាំងនៅរដ្ឋ Rakhine។
ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅរដ្ឋ Rakhine ចាប់តាំងពីក្រុមចលនាប្រដាប់អាវុធ Arakan Army (AA) បានវាយប្រហារកងកម្លាំងរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ។
ខណៈវាគឺជាការបញ្ចប់ទាំងស្រុង នូវបទឈប់បាញ់ផុយស្រួយមួយ ដែលត្រូវបានអនុវត្ត ក្រោយរដ្ឋប្រហារយោធា ឆ្នាំ២០២១។
ក្រុម AA អះអាងថា ខ្លួនប្រយុទ្ធតស៊ូដើម្បីស្វែងរកសិទ្ធិស្វ័យភាពទូលំទូលាយ សម្រាប់ជនជាតិភាគតិចនានា នៅក្នុងរដ្ឋ Rakhine ជាទីជម្រកនៃជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា ប្រមាណ ៦០០,០០០នាក់ ដែលស្ថិតក្រោមការគាបសង្កត់ធ្វើបាប។
ក្នុងសប្តាហ៍នេះ ក្រុម AA បាននិយាយថា កងកម្លាំងរបបសឹកបានសម្លាប់ ជនស៊ីវិល ជាង៧០នាក់ នៅរដ្ឋ Rakhine ក្នុងប្រតិបត្តិការវាយប្រហារ នៅភូមិមួយកន្លែង ភាគខាងជើងទីក្រុង Sittwe ដែលជារដ្ឋធានីរបស់រដ្ឋមួយនេះ។ យ៉ាងណាមិញ ខាងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចោទប្រកាន់ថា ការអះអាងរបស់ក្រុម AA គឺជារឿងឃោសនាប៉ុណ្ណោះ។
គួរបញ្ជាក់ថា៖ មួយផ្នែកធំនៃរដ្ឋ Rakhine គឺបណ្តាញទូរស័ព្ទនិងអ៊ីនធើណិត ត្រូវបានកាត់ផ្តាច់ ជាហេតុធ្វើឱ្យការទាក់ទង មានការលំបាក៕