រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានជំរុញឱ្យអ៊ីស្រាអែល បង្កើតតំបន់សុវត្ថិភាព មួយ ។
សម្រាប់ជនស៊ីវិលប៉ាឡេស្ទីន ក្នុងតំបន់ហ្គាហ្សា មុននឹងបើកធ្វើប្រតិបត្តិការយោធាទ្រង់ទ្រាយធំឡើងវិញ ប្រឆាំងនឹងក្រុមហាម៉ាស។
លោក Antony Blinken ធ្វើការកត់សម្គាល់បែបនេះនាឱកាសបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល ហើយដោយចង់សំដៅលើបទឈប់បាញ់ថ្ងៃទី៧ ។
ក្នុងសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន លោករដ្ឋមន្ត្រីការបរទេសអាមេរិកក៏បានអំពាវនាវឱ្យពន្យារបទឈប់បាញ់បន្ថែមផងដែរ ដើម្បី ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង និងការផ្ដល់ជំនួយមនុស្សធម៌ សម្រាប់តំបន់ហ្គាហ្សា។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងតែលអាវីវ លោក Blinken បានលើកឡើងដូច្នេះថា «ជាការពិត យើងចង់ឃើញដំណើរការនេះនៅតែបន្តឆ្ពោះទៅមុខ…យើងចង់ឃើញបទឈប់បាញ់ថ្ងៃទី៨ និងលើសពីនេះ»។
លោក Blinken បន្ថែមថាអ៉ីស្រាអែលត្រូវតែមាន និងអនុវត្តផែនការគាំពារជនស៊ីវិលក្រោមបុព្វហេតុមនុស្សធម៌ ដែលនឹងជួយកាត់បន្ថយការស្លាប់ និងរងរបួសរបស់ជនស៊ីវិលប៉ាឡេស្ទីន ជាមួយការបង្កើតតំបន់ ឬទីកន្លែងនានាក្នុងតំបន់ភាគខាងត្បូង និងភាគកណ្ដាលនៃតំបន់ហ្គាហ្សា ជាទីដែល ជនស៊ីវិលអាចមានសុវត្ថិភាព និងស្ថិតនៅក្រៅសមរភូមិប្រយុទ្ធគ្នា។
គួរបញ្ជាក់ថា បទឈប់បាញ់ថ្ងៃទី៧ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នឹងត្រូវអស់សុពលភាពនៅព្រឹកថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ប្រសិនបើមិនមានកិច្ចព្រមព្រៀងពន្យារបទឈប់បាញ់ទេនោះ៕