(សៀមរាប)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធី JCI Senate Golden Era Night នៃមហាសន្និបាតតំបន់អាស៊ី និងប៉ាស៊ីហ្វិកឆ្នាំ២០២៤ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងពិធី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលបានអនុញ្ញាតឱ្យកម្មវិធីនេះបានរៀបចំឡើងនៅលើទឹកដីនៃខេត្តសៀមរាប ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះ JCI កម្ពុជា អាជ្ញាធរមូលដ្ឋាន សហភាពសហព័ន្ធយុវជនកម្ពុជា និងយុវជនស្ម័គ្រចិត្តនៃក្រុមគ្រួសារ ស.ស.យ.ក.ទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តរៀបចំ និងចូលរួមជួយជ្រោមជ្រែងកម្មវិធីដ៏មានសារៈសំខាន់នេះ ឱ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។
តាមរយៈការរៀបចំនូវ JCI ASPAC Angkor Cambodia ឆ្នាំ 2024 ឯកឧត្តម បានគូសបញ្ជាក់ថា មិនត្រឹមតែអនុញ្ញាតឱ្យអ្នកចូលរួមមកពីបណ្តាប្រទេសនានា មកប្រទេសកម្ពុជាអាចស្វែងយល់ពីភាពសម្បូរបែបនៃវប្បធម៌ និងភាពកក់ក្តៅ ស្នាមញឹមរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ។
ប៉ុន្តែគ្រប់គ្នាៗ បានមកជាសាក្សីនៃការរីកចម្រើនរបស់សង្គម ការរស់នៅ និងសមិទ្ធិផលរបស់កម្ពុជាក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមកនេះ ទាំងក្នុងដំណាក់កាលការតស៊ូនាអតីតកាល ការអភិវឌ្ឍឥតឈប់ឈរក្នុងពេលបច្ចុប្បន្ន និងការបោះជំហានឆ្ពោះទៅមុខប្រកបដោយភាពជឿជាក់ និងសក្តានុពលរបស់ព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ក៏បានរំលេចអនុសាសន៍សម្តេចធិបតី អំពីដំណើរដែលកម្ពុជាបានឆ្លងកាត់ពីប្រទេសដែលធ្លាប់តែត្រូវបានស្គាល់ដោយសង្គ្រាម និងវាលពិឃាត ទៅជាប្រទេសដែលមានសន្តិភាពពេញលេញ និងការទទួលស្គាល់ ក្នុងគោលដៅដើម្បីរម្លឹកពីតម្លៃនៃសុខសន្តិភាពដែលមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សជាតិទូទាំងពិភពលោក។
សូមជម្រាបថា៖ កម្មវិធី JCI Senate Golden Era Night បានរៀបចំឡើងក្នុងគោលបំណងអបអរសាទរ និងប្រកាសផ្ទេរតំណែងជូនប្រធានប្តូរវេន ព្រមទាំងទទួលស្គាល់ក្រុមប្រឹក្សាភិបាលរបស់ព្រឹទ្ធសមាជិកJCI ។
ក៏ដូចជាបង្កើនភាពស្និតស្នាលតាមរយៈការរៀបចំកម្មវិធីពិសារភោជនីអាហារអបអរបញ្ចប់អាណត្តិ និងសមិទ្ធផលរបស់ប្រធាន រួមទាំងក្រុមប្រឹក្សាភិបាលអាណត្តិ ឆ្នាំ២០២៣៕