(ភ្នំពេញ)៖ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់អនុសាសន៍ ដោយបានដាក់ចេញនូវគោលការណ៍សំខាន់ៗចំនួន ៣ចំណុច ក្នុងការជ្រើសរើសមន្ត្រី ឱ្យចូលបម្រើការងារ នៅឆ្នាំ២០២៥។
ការដាក់ចេញនូវគោលការណ៍នេះក្នុងគោលដៅបង្កើនស័ក្កិសិទ្ធិភាព និងប្រសិទ្ធភាពក្នុងការជ្រើសរើសមន្ត្រី ចូលបម្រើការងារ នៅឆ្នាំ២០២៥ ឱ្យកាន់តែប្រកបដោយគុណាធិបតេយ្យ, តម្លាភាព, យុត្តិធម៌, បរិយាប័ន្ន, និងប្រសិទ្ធភាពខ្ពស់ ដោយអនុវត្តតាមគោលការណ៍ ៣ចំណុច ជាមួយនឹងការអនុវត្តបន្តតាមអភិក្រម «រើសឱ្យចំ ប្រើឱ្យត្រូវ រក្សាឱ្យនៅ»។
១. ចំនួនមន្ត្រីដែលត្រូវជ្រើសរើស ត្រូវគ្រោងយ៉ាងច្រើនស្មើចំនួនមន្ត្រីចូលនិវត្តន៍ឆ្នាំ២០២៤ និងគ្រោងតែក្នុងករណីចាំបាច់ដែលអាចពន្យល់បាន ដោយមានហេតុផលត្រឹមត្រូវ និងច្បាស់លាស់។
២. រាល់ការវិភាគមុខងារ និងរាល់តម្រូវការក្នុងការជ្រើសរើសមន្រ្តីថ្មីបន្ថែម ត្រូវតែមានការឯកភាព ពីក្រសួងមុខងារសាធារណៈ។
៣. លើកទឹកចិត្តឱ្យក្រសួង-ស្ថាប័នអាចផ្ទេរថវិកា ដែលសល់ពីការសន្សំលើការកត់បន្ថយក្របខ័ណ្ឌ យកមកប្រើប្រាស់សម្រាប់ការលើកទឹកចិត្តដល់មន្ត្រី ឬ/និង បង្កើនចំណាយក្រៅពីបន្ទុកបុគ្គលិក ក្នុងករណីចាំបាច់ ដោយមានមូលដ្ឋានពន្យល់សមស្រប និងមានហេតុផលត្រឹមត្រូវ។
ទន្ទឹមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការងារកែទម្រង់រដ្ឋបាលសាធារណៈ មិនមែនជាការងាររបស់ក្រសួងមុខងារសាធារណៈម្នាក់ឯងនោះទេ គឺជាការងាររបស់ក្រសួង-ស្ថាប័នទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ដូច្នេះ ការគាំទ្ររបស់ក្រសួង-ស្ថាប័ន គឺមិនគ្រប់គ្រាន់ទេ តែត្រូវការការចូលរួមយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងភាពជាម្ចាស់ ពោលគឺក្នុងអភិក្រមរដ្ឋាភិបាលទាំងមូល និងក្នុងស្មារតី «សំឡេងមួយ-យុទ្ធសាស្រ្តមួយ-ផែនការមួយ» ទើបអាចធានាសម្រេចជោគជ័យបាន ។
បន្ថែមពីលើនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានស្នើ និងលើកទឹកចិត្តឱ្យក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តទាំងអស់ បន្តខិតខំអនុវត្តការងារប្រកបដោយស្មារតីបុរេសកម្ម ព្រមទាំងពង្រឹងនូវកិច្ចសហប្រតិបត្តិការ ឱ្យបានកាន់តែល្អប្រសើររវាងគ្នាទៅវិញទៅមក ក្រោមអភិក្រម ជវភាពនៃប្រព័ន្ធតួអង្គតែមួយ៕