(ព្រៃវែង)៖ អាណាព្យាបាលសិស្ស.គណៈកម្មការគ្រប់គ្រងសាលា.លោកគ្រូ-អ្នកគ្រូ នៅ “សាលាបឋមសិក្សាកែវធំ”កំពុងទទូចស្នើសុំផ្លាស់ប្ដូរនិងផ្ទេរលោកគ្រូ ស៊ាង គារុន ចេញពីសាលា…!។
ដោយផ្អែកថា លោកគ្រូរូបនេះ មានតែឈ្មោះបើកប្រាក់ខែ ប៉ុន្តែពុំដែលចូលបង្រៀនសិស្ស អស់រយៈពេលជាច្រើនខែមកហើយ និងឱ្យគេស៊ីញេវត្តមាន ជំនួសរហូត..!។
មិនតែប៉ុណ្ណោះលោកគ្រូ ស៊ាង គារុន
តែងតែឈប់សម្រាក ដោយចិត្តឯង គ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ជាហេតុនាំឱ្យខកខានការបង្រៀនសិស្ស ឬគ្រូម្នាក់ ត្រូវបង្រៀនសិស្ស២ថ្នាក់ ក្នុងពេលតែមួយក៏មាន..!។
-ករណីនេះលោកស្រីនាយិកា”សាលាបឋមសិក្សាកែវធំ”បានថ្លែងថា នៅសាលា.របស់លោកស្រី ពិតជាមានករណី គ្រូបង្រៀន មិនមកបង្រៀនសិស្ស ប្រាកដមែន..!។
សូមជម្រាបថា”សាលាបឋមសិក្សាកែវធំ”មានទីតាំងស្ថិតនៅភូមិបើកទូក ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។
សេចក្ដីរាយការណ៍បានប្រាប់«ដើមរាំង»ថា លោកគ្រូ ស៊ាង គារុន មានឈ្មោះជាគ្រូបង្រៀននៅ”សាលាបឋមសិក្សាកែវធំ”ប៉ុន្តែរូបគាត់ ពុំដែលមកបង្រៀនសិស្សនោះទេ!។
ជាក់ស្ដែង តាំងពីខែធ្នូ ឆ្នាំ២០២៣ នៃដើមឆ្នាំសិក្សា រហូតដល់ខែមិថុនា ឆ្នាំ២០២៤ គឺលោកគ្រូ ស៊ាង គារុន រវល់តែធ្វើការងារផ្ទាល់ខ្លួន(រកស៊ីគ្រឿងចក្រ)។
ពោលគឺ ក្នុង១ខែៗលោកគ្រូ ស៊ាង គារុន មកសាលា ២ទៅ៣ដង ដើម្បីចុះវត្តមានប៉ុណ្ណោះ ខណៈសិស្សរៀនព្រឹក គាត់មកពេលថ្ងៃ។
-សេចក្ដីរាយការណ៍បន្តថា កន្លងមកលោក សុខ សារ៉ុម ប្រធានការិយាល័យអប់រំ យុវជននិងកីឡា ស្រុកកំចាយមារ តែងតែតម្រូវឱ្យ នាយករង”សាលាបឋមសិក្សាកែវធំ”ម្នាក់ ចុះបញ្ជីវត្តមាន និងស៊ីញេវត្តមានជំនួសលោក គ្រូ ស៊ាង គារុន ជាប្រចាំ..!។
លុះដល់កំឡុង ខែឧសភា ឆ្នាំ២០២៤ លោកស្រី ណេត ចាន់សែ នាយិកា”សាលាបឋមសិក្សាកែវធំ”បានបដិសេធលែងឱ្យ ស៊ីញេវត្តមានជំនួស..!។
ស្រាប់តែលោក សុខ សារ៉ុម ខលទូរស័ព្ទមកសួរ លោកស្រីនាយិកាសាលាថា ម៉េចបានលែងឱ្យគេស៊ីញេ វត្តមានជំនួសលោក គ្រូ ស៊ាង គារុន ដូចមុនៗ..?។
ក្នុងនោះលោកស្រី ណេត ចាន់សែ បានឆ្លើយថា នាងខ្ញុំធ្វើដើម្បីការពារខ្លួន។
ប្រភពដដែលបន្តថា ដោយឃើញពីសកម្មភាព មិនប្រក្រតីទាំងនេះហើយ…!។
ទើបអាណាព្យាបាលសិស្ស លោកគ្រូអ្នកគ្រូ គណៈកម្មការគ្រប់គ្រងសាលា បាននាំគ្នាផ្ដិតមេដៃ ធ្វើលិខិតសំណើសុំផ្លាស់ប្ដូរលោក គ្រូ ស៊ាង គារុន ចេញពី”សាលាបឋមសិក្សាកែវធំ”។
ក្នុងនោះផងដែរ លិខិតសុំផ្លាស់ប្ដូរលោកគ្រូ ស៊ាង គារុន ក៏បានបញ្ជូនដល់ រដ្ឋបាលស្រុកកំចាយមារ កាលពីថ្ងៃទី០៧.០៦.២០២៤។
ប៉ុន្តែមន្ត្រីការិយាល័យអប់រំ យុវជននិងកីឡា រួមនិងលោក ប៊ិន ជីវ័ន្ត អភិបាលស្រុកកំចាយមារ ហាក់មិនអើពើចាត់វិធានការ ទាល់តែសោះ!។
ហើយអ្វីដែលចម្លែកនោះ គឺក្រោយមានការប្ដឹងសុំផ្ទេរចេញបែបនេះ! ស្រាប់តែគេឃើញលោកគ្រូ ស៊ាង គារុន មកបង្រៀនសិស្ស នៅព្រឹកទី១៤.០៦.២០២៤..!។
-រាល់ការចោទប្រកាន់ខាងលើ នៅព្រឹកទី១៥.០៦.២០២៤«ដើមរាំង»បានព្យាយាមសុំការបំភ្លឺពីលោក ប៉ាវ សុធីរ ប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តព្រៃវែង ប៉ុន្តែទូរស័ព្ទរបស់លោក ខលចូលហើយគ្មានអ្នកទទួល។
រីឯលោក ប៊ិន ជីវ័ន្ត អភិបាលស្រុកកំចាយមារ បានថ្លែងថា.ពេលនេះរដ្ឋបាលស្រុក និងការិយាល័យ កំពុងមានវិធានការ ដកលោកគ្រូ ស៊ាង គារុន ឱ្យមកនៅការិយាល័យអប់រំ ហើយនឹងរកគ្រូផ្សេងទៀត ឱ្យទៅបង្រៀនជំនួស..!។
-ចំណែកលោក សុខ សារ៉ុម ប្រធានការិយាល័យអប់រំ យុវជននិងកីឡា ស្រុកកំចាយមារ បានថ្លែងថា.ករណីស្នើសុំផ្ទេរលោកគ្រូ ស៊ាង គារុន ចេញពីសាលានោះ គឺរូបលោកពុំទាន់ដឹងទេ!។
ផ្ទុយទៅវិញលោកគ្រូ ស៊ាង គារុន បានស្នើសុំផ្ទេរចេញពី”សាលាបឋមសិក្សាកែវធំ”ដោយខ្លួនឯង។
លោក សុខ សារ៉ុម បន្តថា ករណីនេះលោក នឹងចុះទៅសួរនាំដល់សាលា នៅថ្ងៃចន្ទទី១៧.០៦.២០២៤។
-ចំពោះសំនួរថា តើការមិនទៅបង្រៀនសិស្ស និងការបើកប្រាក់ខែយ៉ាងម៉េចវិញ…?។
-ត្រង់ចំណុចនេះលោក សុខ សារ៉ុម បានឆ្លើយថា លោកគ្រូ ស៊ាង គារុន ពិតជា មានភាពអសកម្ម ក្នុងការបង្រៀនសិស្សប្រាកដមែន មកពីមានជំងឺប្រចាំកាយ។
ខណៈប្រាក់ខែ គឺលោកគ្រូ ស៊ាង គារុន ពុំយកនោះឡើយ ដោយប្រគល់ជូនអ្នកបង្រៀនជំនួស…!។
ចំពោះលោក ស៊ិន សារិ មេឃុំស្មោងជើង បានថ្លែងប្រាប់«ដើមរាំង»ថា.ករណីខាងលើ មកពីលោកគ្រូ ស៊ាង គារុន ពុំបានទៅបង្រៀនសិស្ស ទើបអាណាព្យាបាលសិស្ស លោកគ្រូ-អ្នកគ្រូ ប្រជុំ ស្នើសុំផ្ទេរចេញពីសាលា…!។
យ៉ាងណាក៏ដោយ លោកស្រី ណេត ចាន់សែ នាយិកា”សាលាបឋមសិក្សាកែវធំ”បានថ្លែងទទួលស្គាល់ថា លោក គ្រូ ស៊ាង គារុន ពិតជាខកខាតពុំបានមកបង្រៀនសិស្សអស់ជាច្រើនខែ និងឱ្យគេស៊ីញេវត្តមាន ជំនួសប្រាកដមែន!។
-ក្នុងរឿងនេះលោកគ្រូ-អ្នកគ្រូនិងអាណាព្យាបាលសិស្ស នៃ”សាលាបឋមសិក្សាកែវធំ”សូមស្នើយ៉ាងទទូចដល់ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ជាពិសេស ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មេត្តាពិនិត្យនិងចាត់វិធានការ ចំពោះការក្លែងស៊ីញេវត្តមានជំនួសលោក គ្រូ ស៊ាង គារុន នឹងសុំផ្លាស់ប្ដូរលោក គ្រូ ស៊ាង គារុន ចេញពី”សាលាបឋមសិក្សាកែវធំ “ដោយក្ដីអនុគ្រោះ៕