កាលពីថ្ងៃសុក្រ យោធាអ៊ីស្រាអែល បានប្រើគ្រាប់បែកផូស្វ័រ ដោយកំណត់គោលដៅលើទីក្រុងជាច្រើននៅភាគខាងត្បូង ប្រទេសលីបង់។ ដែលបណ្តាលឱ្យមានភ្លើងឆេះព្រៃដែលរាលដាល និងគំរាមកំហែងដល់តំបន់លំនៅដ្ឋានជនស៊ីវិល..!។
ទីភ្នាក់ងារសារព័ត៌មានជាតិ របស់ប្រទេសលីបង់ បានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកផូស្វ័រ ទៅលើទីក្រុង Houla ។
ហើយព្រៃក្នុងតំបន់នោះបានឆាបឆេះ ដោយក្រុមការពារស៊ីវិលកំពុងធ្វើការពន្លត់អណ្តាតភ្លើង ដែលកំពុងរាលដាល ទៅដល់តំបន់លំនៅដ្ឋានប្រជាពលរដ្ឋ។
ទីភ្នាក់ងារសារព័ត៌មាន បានបន្ថែមថា កងកម្លាំងអ៊ីស្រាអែល ក៏បានប្រើប្រាស់គ្រាប់បែកផូស្វ័រ ដើម្បីកំណត់គោលដៅទីក្រុង Tallouseh, Adaisseh និង Kfarkela នៅភាគខាងត្បូងប្រទេសលីបង់ ជាមួយនឹងរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះដែលទទួលរងការថប់ដង្ហើមទៅកាន់មន្ទីរពេទ្យរដ្ឋាភិបាល Marjayoun។
សេចក្តីរាយការណ៍ បានឲ្យដឹងដែរថា កងទ័ព ក៏បានកំណត់គោលដៅជាយក្រុង Aita al-Shaab និង Wadi al-Asafir ក្នុង Khiyam ក៏ដូចជាទីប្រជុំជន Deir Mimas និង Kfarkela ដោយការបាញ់កាំភ្លើងធំ។
លើសពីនេះទៀត រថក្រោះអ៊ីស្រាអែល បានកំណត់គោលដៅផ្ទះរបស់ Walid Nasser នៅក្នុងសង្កាត់ Azra’il ជាយក្រុង Kfarchouba ផងដែរ។
អ៊ីស្រាអែល បានប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិ ចំពេលដែលការបន្តវាយលុក ដ៏ឃោរឃៅរបស់ខ្លួន លើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារ កាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 ពីសំណាក់ក្រុមហាម៉ាស់ បើទោះបីជាមានដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទាមទារបទឈប់បាញ់ជាបន្ទាន់ក៏ដោយ។
យោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់បានឱ្យដឹងថា ជនជាតិប៉ាឡេស្ទីនជិត 37,300 នាក់ត្រូវបានសម្លាប់នៅហ្គាហ្សា ដែលភាគច្រើនជាស្ត្រី និងកុមារ ហើយជាង 85,100 នាក់ផ្សេងទៀតបានរងរបួស។
ក្នុងរយៈពេលប្រាំបីខែក្នុងសង្រ្គាមអ៊ីស្រាអែល តំបន់ហ្គាហ្សាដ៏ធំល្វឹងល្វើយបានខ្ទេចខ្ទាំ ចំពេលមានការរាំងស្ទះអាហារ ទឹកស្អាត និងថ្នាំពេទ្យ។
អ៊ីស្រាអែលជាប់ចោទពីបទប្រល័យពូជសាសន៍នៅតុលាការយុត្តិធម៌អន្តរជាតិ ដែលសេចក្តីសម្រេចចុងក្រោយបានបញ្ជាឱ្យទីក្រុង Tel Aviv បញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការរបស់ខ្លួននៅទីក្រុង Rafah ភាគខាងត្បូង ជាកន្លែងដែលប្រជាជនប៉ាឡេស្ទីនជាងមួយលាននាក់បានស្វែងរកការជ្រកកោនពីសង្រ្គាម មុនពេលវាត្រូវបានឈ្លានពាននៅថ្ងៃទី 6 ខែឧសភា៕