(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ គឺជាខួប៦២ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិ សម្រេចឱ្យកម្ពុជា ជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ ១៥ មិថុនា ១៩៦២-១៥ មិថុនា ២០២៤។
គួររំលឹកថា សម្តេចព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ បានបំពេញព្រះរាជបូជនីយកិច្ចយ៉ាងស្វិតស្វាញបំផុត ។
ដើម្បីទាមទារប្រាសាទព្រះវិហារ រហូតដល់យើង បានចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ថ្ងៃ ៧កក្កដា ឆ្នាំ២០០៨។
សូមជម្រាបជូនថា ខួប៦២ឆ្នាំ (១៥ មិថុនា ១៩៦២ -១៥ មិថុនា ២០២៤) ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ)នាទីក្រុងឡាអេ ប្រទេសហុឡង់ បានសម្រេចឱ្យកម្ពុជាឈ្នះក្តីជាមួយប្រទេសថៃ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ។
ពោលតុលាការយុត្តិធម៌អន្តរជាតិ សម្រេចឱ្យកម្ពុជា ជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ។
ជម្លោះទាក់ទងនឹងប្រាសាទព្រះវិហារបានចាប់ផ្ទុះឡើងខ្លាំង នៅឆ្នាំ១៩៥៤ បន្ទាប់ពីកម្ពុជាបានទទួលឯករាជ្យពីបារាំង។
ថៃបានបញ្ជូនកងកម្លាំងប្រដាប់អាវុធជាច្រើន ចូលមកកាន់កាប់ប្រាសាទព្រះវិហារ។
សម្តេចព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ បានបំពេញព្រះរាជបូជនីយកិច្ចយ៉ាងស្វិតស្វាញបំផុត ។
ដើម្បីទាមទារប្រាសាទព្រះវិហារ និងដេញកងកម្លាំងប្រដាប់អាវុធរបស់ថៃ ឱ្យចាកចេញពីប្រាសាទព្រះវិហារ។
ក្រោយពីដំណើរការតាមផ្លូវទូតត្រូវទទួលបរាជ័យ កម្ពុជាបានដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេ នៅថ្ងៃទី៦ តុលា ឆ្នាំ១៩៥៩ ។
ដើម្បីស្នើសុំឱ្យតុលាការប្រគល់អធិបតេយ្យដែនដីលើប្រាសាទព្រះវិហារមកឱ្យកម្ពុជា និងទាមទារឱ្យថៃដកកងកម្លាំងប្រដាប់អាវុធទាំងអស់ចេញពីប្រាសាទព្រះវិហារ។
នៅក្នុងការជំនុំជម្រះលើអង្គសេចក្ដីនោះ កម្ពុជា និងថៃ បានលើកបង្ហាញទឡ្ហីកររៀងៗខ្លួន ដើម្បីទាមទារជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ។
កម្ពុជា បានលើកយកផែនទីដងរែក (ផែនទីឧបសម្ព័ន្ធទី១) ដែលជាផែនទីកើតចេញពីសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ មកធ្វើជាមូលដ្ឋានច្បាប់។
តាមរយៈបន្ទាត់ព្រំដែន នៅក្នុងផែនទីឧបសម្ព័ន្ធទី១នេះ បង្ហាញថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីរបស់កម្ពុជា។រីឯថៃវិញ បានលើកឡើងនូវទឡ្ហីករណ៍មួយចំនួន ដើម្បីច្រានចោលខ្សែបន្ទាត់ព្រំដែន ក្នុងផែនទីឧបសម្ព័ន្ធទី១ ដែលកម្ពុជាបានលើកឡើងនោះ។
ថៃបានលើកហេតុផលថា ខ្សែបន្ទាត់ព្រំដែននៅក្នុងផែនទីនេះ ខុសពីអ្វីដែលបានចែងក្នុងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤។
ថៃអះអាងថា យោងតាមមាត្រា ១ នៃសន្ធិសញ្ញានេះ សៀម និងបារាំង បានព្រមព្រៀងគ្នាថា ខ្សែបន្ទាត់ព្រំដែននៅតំបន់ដងរែក គឺត្រូវយកតាមខ្សែបែងចែកផ្លូវទឹក។
ភាគីថៃយល់ថា បើមើលទៅលើដីជាក់ស្តែង ខ្សែបែងចែកផ្លូវទឹក គឺស្ថិតនៅខាងត្បូងប្រាសាទព្រះវិហារ។ ដូច្នេះប្រាសាទព្រះវិហារត្រូវស្ថិតនៅក្នុងទឹកដីថៃ។
ទោះបីភាគីថៃ បានតវ៉ាយ៉ាងនេះក្តី ទីបំផុតទៅក្នុងសាលដីកាឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ បានច្រានចោលការលើកឡើងរបស់ភាគីថៃ។
បើតាមតុលការក្រុងឡាអេ មាត្រា១ នៃសន្ធិសញ្ញា ឆ្នាំ១៩០៤ បានចែងកំណត់យកខ្សែបែងចែកផ្លូវទឹកធ្វើជាព្រំដែនពិតមែន ។
ក៏ប៉ុន្តែ នៅក្នុងមាត្រ៣ នៃសន្ធិសញ្ញាដដែលនេះ ចែងថា ការកំណត់ខ្សែបន្ទាត់ព្រំដែនពិតប្រាកដ នឹងត្រូវធ្វើឡើងដោយគណៈកម្មការចម្រុះបារាំង-សៀម។
បើនិយាយពីតំបន់ដងរែក ខ្សែបន្ទាត់ព្រំដែន ដែលកើតចេញពីការងាររបស់គណៈកម្មការចម្រុះបារាំង-សៀម គឺមានតែមួយគត់ គឺខ្សែបន្ទាត់ព្រំដែន នៅក្នុងផែនទីឧបសម្ព័ន្ធទី១ ដែលកម្ពុជាបានលើកយកមកធ្វើជាសំអាង។
ដូច្នេះគេមិនចាំបាច់ស្វែងរកទីតាំងខ្សែបែងចែកផ្លូវទឹកអ្វីនោះទេ។
យោងតាមហេតុផលទាំងនេះ តុលាការទីក្រុងឡាអេ បានកំណត់ថា តំបន់ប្រាសាទព្រះវិហារ ព្រំដែនស្របច្បាប់រវាងកម្ពុជា និងថៃ គឺខ្សែបន្ទាត់ព្រំដែន ដែលមានគូសនៅលើផែនទីឧបសម្ព័ន្ធទី១។
តាមរយៈខ្សែបន្ទាត់ព្រំដែននេះ តុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេ បានសម្រេចសេចក្តីថា៖ ប្រាសាទព្រះវិហារស្ថិត នៅក្នុងទឹកដី ដែលស្ថិតក្រោមអធិបតេយ្យរបស់កម្ពុជា, ថៃត្រូវតែដកកងទ័ព ប៉ូលិស ឬឆ្មាំផ្សេងទៀត៕