មន្ត្រីជាន់ខ្ពស់អាមេរិក១រូប បាននិយាយកាលពីថ្ងៃពុធ(២៦ មិថុនា) ថា ជំនួយការរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) បានប្រាប់ប្រធានការពារជាតិអ៊ីស្រាអែល។
លោក យ៉ាវ ហ្កាឡាន់ (Yoav Gallant) ដែលកំពុងបំពេញទស្សនកិច្ចនៅសប្តាហ៍នេះថា ទីក្រុងវ៉ាស៊ីនតោន បន្តការផ្អាកដឹកជញ្ជូនគ្រាប់បែកធុនធ្ងន់ សម្រាប់អ៊ីស្រាអែល ។
ខណៈបញ្ហានោះ កំពុងស្ថិតក្រោមការត្រួតពិនិត្យ។
មន្ត្រីរូបនេះបានប្រាប់អ្នកយកព័ត៌មានថា សម្ព័ន្ធមិត្តនៅតែស្ថិតក្នុងការពិភាក្សាអំពីការដឹកជញ្ជូនគ្រាប់បែកដ៏ខ្លាំងក្លាមួយជើងដែលត្រូវបានផ្អាកដោយលោក បៃដិន កាលពីខែឧសភា ជុំវិញការបារម្ភថាគ្រឿងយុទ្ធោបករណ៍ទាំងនោះអាចបណ្តាលឱ្យជនស៊ីវិលប៉ាឡេស្ទីន ស្លាប់បន្ថែមទៀតនៅក្នុងតំបន់ហ្កាហ្សា។
ដោយមិនផ្តល់ព័ត៌មានជាក់លាក់ មន្ត្រីរូបនេះបានបន្ថែមថា សព្វាវុធរបស់អាមេរិកផ្សេងទៀតនឹងបន្តបញ្ជូនទៅកាន់អ៊ីស្រាអែល ។
ខណៈពេលប្រទេសនេះកំពុងប្រយុទ្ធជាមួយក្រុមហាម៉ាស នៅហ្កាហ្សា និងប្រឈមមុខនឹងក្រុមឧទ្ទាម ហេសបូឡា (Hezbollah) លីបង់ នៅព្រំដែនភាគខាងជើងរបស់ខ្លួន ដែលកំណើននៃអរិភាពនេះបានជំរុញឱ្យមានការភ័យខ្លាចថាអាចមានជម្លោះក្នុងតំបន់កាន់តែរីកធំ។
លោក ហ្កាឡាន់ និងក្រុមមន្ត្រីអាមេរិក បានស្វះស្វែងរកការបន្ធូរបន្ថយភាពតានតឹងបន្ទាប់ពីការអះអាងនាពេលថ្មីៗនេះរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដែលថាទីក្រុងវ៉ាស៊ីនតោន កំពុងដកហូតអាវុធ ដែលជំរុញឱ្យមន្រ្តីជំនិតរបស់លោក បៃដិន គឺទីប្រឹក្សាសន្តិសុខជាតិ លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) សម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះការលើកឡើងរបស់មេដឹកនាំអ៊ីស្រាអែល៕