(ភ្នំពេញ)៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងស្នើទៅគណៈកម្មការជាតិ ដើម្បីពិនិត្យនិងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតសុំបន្ធូបន្ថយទោស និងលើកលែងទោស ។
ដោយដាក់ឈ្មោះ អតីតឧកញ៉ា ស្រី ស៊ីណា ទៅក្នុងបញ្ជីឧក្រិដ្ឋជនសាហាវៗ ដែលមិនអាចទទួល បានការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសនោះទេ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធ ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា នៅទីស្តីការក្រសួងយុត្តិធម៌ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ។
ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានលើកឡើងថា ក្នុងនាមជារដ្ឋមន្រ្ដីមន្រ្ដីក្រសួងយុត្ដិធម៌ និងជាប្រធានគណៈកម្មការជាតិ ពិនិត្យនិងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតសុំបន្ធូបន្ថយទោសនិងលើកលែងទោស លោកនឹងស្នើសុំទៅគណៈកម្មការជាតិ ដើម្បីដាក់ឈ្មោះ ស្រី ស៊ីណា ទៅក្នុងបញ្ជីជនឧក្រិដ្ឋជនសាហាវៗ ដែលមិនអាចទទួលបានការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសបានឡើយ។
ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបន្ដថា ការធ្វើបែបនេះ គឺដើម្បីធានាថា អំពើសម្លាប់មនុស្សដ៏សាហាវបែបនេះត្រូវទទួលរងការអនុវត្ដទោសជាប់ពន្ធនាគារឱ្យបានធ្ងន់ធ្ងរ ស័ក្តិសមទៅនឹងទង្វើដែលខ្លួនបានប្រព្រឹត្ដ ស្របតាមគោលការណ៍ក្នុងវិស័យយុត្ដិធម៌។
រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ បានបញ្ជាក់ថា តាមផ្លូវច្បាប់ កាលណាទណ្ឌិតអនុវត្ដទោសបាន១/៣ ហើយ គេមានសិទ្ធស្នើសុំបន្ធូរបន្ថយទោស ប៉ុន្ដែគណៈកម្មការជាតិក៏មានសិទ្ធក្បៀសនូវទណ្ឌិតដែលសាហាវៗមួយចំនួនដូចជា ករណីភេរវកម្ម ករណីរំលោភបំពានផ្លូវភេទ លើអនិតិជនជាដើម គឺមិនឱ្យទទួលបានការបន្ធូបន្ថយទោសនោះឡើយ៕