ប្រទេសវៀតណាម បាននាំចេញផ្លែទុរេន ក្នុងទំហំទឹកប្រាក់ប្រមាណជា ៩១៩ លានដុល្លារ ក្នុងរយៈពេល៥ខែដំបូង នៃឆ្នាំ២០២៤ ពោលគឺ កើនឡើង៧៤% បើធៀបទៅនឹងឆ្នាំ២០២៣។
តម្លៃនាំចេញនេះ បានធ្វើឱ្យទុរេនក្លាយជាផ្លែឈើ នាំចេញច្រើនជាងគេសម្រាប់វៀតណាម ដែលច្រើនជាងផ្លែស្រកានាគ ដែលជាប់ចំណាត់ថ្នាក់ទី២ចំនួន ៣,៥ដង។
អគ្គនាយកដ្ឋានគយវៀតណាម បានរាយការណ៍ប្រាប់ កាសែត VN Expressថា គ្រាន់តែក្នុងខែឧសភា ការនាំចេញផ្លែឈើ មានទំហំប្រមាណជា៤៥០លានដុល្លារ។
ពោលគឺ ច្រើនជាងទ្វេដងធៀបនឹងខែមេសា និងខ្ពស់ជាងខែឧសភាឆ្នាំមុន៣៤%។
យោងតាមលោក Dang Phuc Nguyen អគ្គលេខាធិការសមាគមផ្លែឈើនិងបន្លែវៀតណាម (Vinafruit) បានប្រាប់កាសែត VN Express ថា សមាគមបានប៉ាន់ប្រមាណថា ការនាំចេញផ្លែទុរេនអាចមានចំនួន៦០០លានដុល្លារក្នុងខែមិថុនា។
លោកបានបន្តថា ប្រទេសចិនគឺជាអ្នកនាំចូលទុរេនធំបំផុតរបស់វៀតណាមក្នុងឆ្នាំនេះ។
លោកបានបន្ថែមថា ប្រទេសវៀតណាម ប្រមូលផលផ្លែទុរេនរយៈពេលពេញមួយឆ្នាំ ។
ដោយជួយឱ្យវៀតណាម ជៀសផុតពីការប្រកួតប្រជែង ដោយផ្ទាល់ជាមួយទុរេន ពីប្រទេសថៃ។ ដោយសារការប្រមូលផលទុរេនរបស់ប្រទេសថៃ ធ្វើឡើងទៅតាមរដូវធម្មជាតិ៕