ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃទី១១ ខែកក្កដា បានច្រឡំហៅលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ថាជាប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន។
លោក ចូ បៃដិន បានហៅច្រឡំបែបនេះ នៅឯកិច្ចប្រជុំកំពូល NATO ក្នុងទីក្រុងវ៉ាស៊ីនតោន មុននឹងរូបលោកកែតម្រូវឡើងវិញនៅប្រហែលពី២វិនាទីក្រោយ…!។
នៅចំពោះមុខក្រុមមេដឹកនាំ NATO លោក បៃដិន បានលើកឡើងដូច្នេះថា ឥលូវនេះ ខ្ញុំចង់ប្រគល់នាទីទៅឱ្យប្រធានាធិបតីអ៊ុយក្រែន ដែលមានភាពក្លាហានដ៏អស្ចារ្យដូចដែលលោក បានតាំងចិត្ត។
សុភាពនារី និងសុភាពបុរស សូមស្វាគមន៍ប្រធានាធិបតី ពូទីន។
នៅត្រង់ពាក្យប្រធានាធិបតីពូទីន កន្លែងនេះ គឺលោក បៃដិន ចង់សំដៅលើលោក ហ្សេលេនស្គីទេ។
នៅប្រហែល ២វិនាទី ក្រោយមក ទើបលោក បៃដិន បានកែតម្រូវឡើងវិញ ។
ប៉ុន្តែនៅតែមានការភាន់ច្រឡំដដែល ដោយលោកបានច្រឡំឈ្មោះលោក ហ្សេលេនស្គីថាជាលោក ពូទីន។
ប្រធានាធិបតី ពូទីន (លោក ហ្សេលេនស្គី) លោកនឹងយកឈ្នះលើប្រធានាធិបតី ពូទីន។
នេះជាការគូសបញ្ជាក់របស់លោក បៃដិន មុននឹងលោកកែតម្រូវម្ដងទៀតថា លោកចង់សំដៅលើលោក ហ្សេលេនស្គី នឹងយកឈ្នះលើលោក ពូទីន។
គួរបញ្ជាក់ថា លោក ចូ បៃដិន មានវ័យ៨១ឆ្នាំ បច្ចុប្បន្នកំពុងប្រឈមមុខនឹងសម្ពាធ និងការអំពាវនាវឱ្យពីសំណាក់អ្នកប្រជាធិបតេយ្យកាន់តែច្រើនឡើងឱ្យដកខ្លួនចេញពីការប្រកួតប្រជែង ក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ ដើម្បីទុកឱកាសឱ្យអ្នកផ្សេង។
ភាពចម្រូងចម្រាសបានកើតឡើង ក្រោយលោក បៃដិន ធ្វើមិនបានល្អទាល់តែសោះនៅក្នុងវេទិកាតស៊ូមតិ ជាមួយលោក ដូណាល់ ត្រាំ កាលពីខែមិថុនា។
ប៉ុន្តែ លោក បៃដិន បាននៅតែទទូចថាលោកនឹងមិនបោះបង់ចោលការប្រកួតឡើយ ព្រមទាំងអះអាងទៀតផងថាលោកគឺជាមនុស្សតែម្នាក់ គត់ដែលអាចផ្ដួលលោក ត្រាំបាន៕