(ភ្នំពេញ)៖ នៅទីក្រុងហាណូយប្រទេសវៀតណាម នាព្រឹកទី២៦ ខែកក្កដា ឆ្នាំ២០២៤ ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម ត្រីន ថាញ់មិញ (Tran Thanh Man ) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងជំនួបពិភាក្សាគ្នានោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនៃស្ថាប័ននិតិបញ្ញត្តិនៃប្រទេសទាំងពីរកម្ពុជា វៀតណាម ក្នុងនោះភាគីទាំងពីរបានផ្តល់នូវតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍នៃការកសាងច្បាប់ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌជំនាញរបស់គណៈកម្មការនានា របស់រដ្ឋសភា និងព្រឹទ្ធសភានៃប្រទេសទាំងពីរ ក៏ដូចជាអគ្គលេខាធិការដ្ឋាន។
ភាគីទាំងពីរក៏បានគាំទ្រគ្នាទៅវិញទៅមកចំពោះលទ្ធផលដែលទទួលបានជាផ្លែផ្កាកន្លងមក តាមរយ:កិច្ចសហប្រតិបត្តិការជាន់ខ្ពស់ រវាងគណបក្សនិងគណបក្ស ក៏ដូចជាស្ថាប័ននិតិបញ្ញត្តិនៃប្រទេសទាំងពីរ និងក្នុងវេទិកាការទូតសភា វេទិកាពហុភាគី។
ភាគីទាំងពីរបានអញ្ជើញគ្នាទៅវិញទៅមកដេីម្បីទស្សនកិច្ចផ្លូវការ ក្នុងនោះភាគីវៀតណាម បានគោរពអញ្ជើញសម្តេចតេជោប្រធានព្រឹទ្ធសភា ធ្វើទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាមនាពេលសមស្របខាងមុខ ក្នុងនាមជាប្រធានព្រឹទ្ធសភា ដែលជាទស្សនកិច្ចលើកដំបូងរបស់សម្តេចតេជោ ដើម្បីចារជាប្រវត្តិសាស្រ្ត នៃកិច្ចសហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំកំពូល នៃស្ថាប័ននិតិបញ្ញត្តិ។
ភាគីទាំងពីរក៏បានបញ្ជាក់សាជាថ្មីឡើងវិញអំពីតម្លៃនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម បន្តពី ឯកឧត្តម អគ្គលេខាមជ្ឈឹមបក្ស ង្វៀន ភូចុង គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្កើតនូវស្នាដៃជាប្រវត្តិសាស្រ្តជាច្រើន សម្រាប់កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ បក្សទាំងពីរ ប្រជាជនទាំងពីរ រដ្ឋទាំងពីរ ដើម្បីឆ្ពោះទៅកាន់អនាគតកាលនៃព្រំដែនប្រកបដោយសន្តិភាព និងការអភិវឌ្ឍ។
ក្នុងនោះភាគីទាំងពីរ កម្ពុជា វៀតណាម បានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការ និងអនុវត្តន៍កិច្ចព្រមព្រៀងដែលមានស្រាប់ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីបំរើឧត្តមប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរកម្ពុជា វៀតណាម៕