យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន៣១នាក់ ក្នុងនោះរួមមានកុមារផងដែរត្រូវបានសម្លាប់ និងជាច្រើននាក់ទៀត បានរងរបួស កាលពីថ្ងៃសៅរ៍ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល មកលើមន្ទីរពេទ្យ លំនៅដ្ឋាននិងសាលារៀន នៃភាគកណ្តាលហ្គាហ្សាស្ទ្រីប។
អ្នកនាំពាក្យការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលហ្គាហ្សា លោក Ismail Al-Thawabta បានប្រាប់ Anadolu ថា ចំនួនអ្នកស្លាប់ដោយសារ ការវាយប្រហាររបស់អ៊ីស្រាអែល លើមន្ទីរពេទ្យវាលមួយ នៅខាងក្នុងផ្ទះសាលារៀនមួយដែលបានផ្លាស់ទីលំនៅប្រជាជន នៅ Deir al-Balah នៅកណ្តាលហ្គាហ្សា បានកើនឡើងដល់ ៣១នាក់។
កងទ័ពអ៊ីស្រាអែល បាននិយាយថា យន្តហោះចម្បាំងរបស់ខ្លួន បានវាយប្រហារសាលារៀន Khadija នៅកណ្តាលហ្គាហ្សាស្ទ្រីប ដោយអះអាងថា សំដៅទៅលើសមាជិកក្រុមហាម៉ាស់។
យ៉ាងណាមិញ មិនមានការអត្ថាធិប្បាយភ្លាមៗ ពីក្រុមហាម៉ាស់ប៉ាឡេស្ទីន លើការអះអាងរបស់អ៊ីស្រាអែលទេ។
មុននេះ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាល Gaza បាននិយាយថា កងទ័ពកាន់កាប់របស់អ៊ីស្រាអែលបានធ្វើការសម្លាប់រង្គាលថ្មីមួយកាលពីពេលមុននេះ។
ដោយទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យវាលមួយកន្លែង ដែលបង្កើតឡើងនៅខាងក្នុងសាលា Khadija នៅ Deir al-Balah ក្នុងរដ្ឋ Central Governorate។
ការិយាល័យបានបន្ថែមថា ការកាន់កាប់នេះបានទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យ ជាមួយនឹងកាំជ្រួចចំនួន៣គ្រាប់ ពីយន្តហោះចម្បាំង ដែលនាំឱ្យមានការសម្លាប់មនុស្ស ១៨នាក់ និងរាប់សិបនាក់រងរបួស។
អ៊ីស្រាអែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង៣៩.០០០នាក់ចាប់តាំងពីការវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី ៧ ខែតុលា ដោយក្រុមហាម៉ាស់៕