(ព្រៃវែង)៖ លោក អៀ ហាំងឡេង ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តព្រៃវែង នៅថ្ងៃទី២៨.០៧.២០២៤។
បានសម្រេឃុំខ្លួនជនត្រូវចោទចំនួន៨នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពីបទ«ជួញដូរចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន» ដែលបានប្រព្រឹត្ត នៅចំណុចខារ៉ាអូខេមួយកន្លែង ស្ថិតក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីថ្ងៃទី២៣.០៧.២០២៤។
ក្នុងចំណោមជនត្រូវចោទ ទាំង៨នាក់ មានលោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាល ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ផងដែរ។
-សេចក្ដីរាយការណ៍ បានឱ្យ«ដើមរាំង»ដឹងថា លោកនាយប៉ុស្តិ៍អ្នកលឿង ដែលត្រូវឃុំខ្លួនឈ្មោះ យ៉ែម រ៉ាន់យ៉ា (ហៅរ៉ាន់) អាយុ៤២ឆ្នាំ នៅភូមិ០៣ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង។
លោកនាយប៉ុស្តិ៍រូបនេះ រួមនិងបក្ខពួក៧នាក់ទៀត ត្រូវបានសមត្ថកិច្ចប៉ូលិស ឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី២៣.២៤ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីជួញដូរចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនមកកាន់តុលាការខេត្តព្រៃវែង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕