(ភ្នំពេញ)៖ សមត្ថកិច្ចកងអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួន លោកមេធាវី ខុន បញ្ចសិទ្ធិ ដែលមានគោរមងារឧកញ៉ា ពាក់ព័ន្ធករណីសម្ញែងឬកបែបអភិជន និងបាញ់បោះ ក្នុងក្លឹបកម្សាន្ត…!។
ហេតុការណ៍នេះ បានកើតឡើង កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅក្លឹបកំសាន្ត Central.X ខណ្ឌចំការមន រាជធានីភ្នំពេញ។
សេចក្ដីរាយការណ៍ថា នៅមុនកើតហេតុ មានមនុស្សប្រុសស្រីមួយក្រុម បាននាំគ្នាចូលក្លឹបកំសាន្ត Central.X ដោយហៅស្រា Hennessy ចំនួន០២ដប ដោយផឹកស៊ីយ៉ាងហ៊ឺហា សម្ញែងឬកបែបអភិជន ។
ក្នុងនោះបុរសម្នាក់ ដែលអ្នកផ្សេងក្នុងក្រុមហែរហមលើកតម្កើងជាមនុស្សសំខាន់ជាងគេ ។
បានដកកាំភ្លើងខ្លី១ដើម ចេញពីចង្កេះ អាមេបញ្ចូលគ្រាប់ កាន់ចុះឡើងៗ សម្ញែងទៅលើទៅក្រោម ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវដ៏ទៃទៀត ដែលនៅសាឡុងក្បែរៗនោះ។
ដោយឃើញសភាពបែបនេះ មេការក្លឹប ក៏បានតាមអង្វរបុរសម្នាក់នោះ សុំឲ្យយកកាំភ្លើងទៅទុកក្នុងឡាន ស្រាប់តែបុរសនោះ បាញ់ឡើងលើ០១គ្រាប់ ដើម្បីសម្តែងឬទ្ធិអំណាចរបស់ខ្លួន ។
ធ្វើឲ្យភ្ញៀវផ្អើលឈូរឆររត់ចេញក្រៅ ត្រូវបានក្រុមសន្តិសុខរាយការណ៍ជូនអាវុធហត្ថខណ្ឌចំការមន ចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យ ដើម្បីយកទៅអនុវត្តតាមនិតិវិធី ព្រមទាំងដកហូតអាវុធខ្លីបាន ០២ដើម ដោយមួយដើម ម៉ាក GLOCK19 ជាអាវុធដែលជនសង្ស័យ កាន់ធ្វើសកម្មភាពបាញ់សម្ញែង និងមួយដើមទៀត ម៉ាក EKOL VOLGA សមត្ថកិច្ចឆែកឃើញក្នុងរថយន្ត របស់ជនសង្ស័យ។
អាចក្នុងឡានជនសង្ស័យមានអាវុធ ២ដើម ។
សមត្ថកិច្ចនិយាយថា៖ ក្រោយពេលស្តាប់ចម្លើយ ជនសង្ស័យមាន ឈ្មោះ ខុន បញ្ចសិទ្ធិ ដែលគេដឹងថាជាអ្នកមានជាន់ថ្មី ។
ដោយសារការរកស៊ីខាងដីធ្លី ក្នុងនោះឈ្មោះ ខុន បញ្ចសិទ្ធិ ខ្លួនជាមេធាវីផង និងមានងារជាឧកញ៉ា ដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ជាឧកញ៉ា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២កន្លងទៅ។
ជនសង្ស័យរូបនេះ បានសារភាពទទួលស្គាល់ថា អាវុធខ្លីពិតជារបស់ខ្លួនមែន តែអ្នកបាញ់គឺជា តៃកុងឡានខ្លួននោះទេ ។
រីឯតៃកុងឡាន បានសារភាពទទួលស្គាល់ថា ខ្លួនពិតជាអ្នកបាញ់ដូចសម្តីមេខ្លួនបានលើកឡើងពិតប្រាកដមែន។
តែតាមវិធានស្រាវជ្រាវរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ រកតម្រុយឃើញថា អ្នកបាញ់ពិតប្រាកដគឺជាបុគ្គលឈ្មោះ ខុន បញ្ចសិទ្ធិ មិនមែនជាតៃកុងឡាននោះទេ។
ដោយជនសង្ស័យទាំងពីរ នៅតែផ្តល់ចម្លើយផ្ទុយពីសាក្សីនិងភស្តុតាង សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក៏ធ្វើការឃាត់ខ្លួនទាំងពីរនាក់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការតែម្តង។
-ឈ្មោះ ខុន បញ្ចសិទ្ធិ ខ្លួនជាមេធាវីផង និងមានងារជាឧកញ៉ា ផង។
បានបំពានច្បាប់ ក្នុងនាមអ្នកច្បាប់ ហើយក៏សូមសរសើរ ដល់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបាន ជាការលុបបំបាត់និទណ្ឌភាព ទៅលើជនប្រព្រឹត្តបទល្មើស៕