ក្រុម Houthi របស់យេម៉ែន កាលពីថ្ងៃអាទិត្យ បានប្រកាសចាប់ផ្តើមជើងហោះហើរឡើងវិញ រវាងទីក្រុង Sanaa និងទាំងអេហ្ស៊ីប និងឥណ្ឌា។
ការផ្លាស់ប្តូរនេះ គឺជាជើងហោះហើរត្រង់លើកដំបូង ពីសាណាទៅកាន់ទីក្រុងគែរ និងទីក្រុងបុមបៃ ចាប់តាំងពីជម្លោះ នៅក្នុងប្រទេសយេម៉ែន បានចាប់ផ្តើមជិតដប់ឆ្នាំមុន។
ក្រុមហ៊ុនអាកាសចរណ៍ជាតិ របស់ប្រទេសយេម៉ែន Yemenia Airways បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កាលវិភាគហោះហើរថ្មី រួមមានការហោះហើរប្រចាំថ្ងៃរវាងទីក្រុង Sanaa និង Cairo និងជើងហោះហើរពីរក្នុងមួយសប្តាហ៍រវាងទីក្រុង Sanaa និង Mumbai ។
ជើងហោះហើរនេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀង ដែលប្រកាសដោយបេសកជនអង្គការសហប្រជាជាតិលោក Hans Grundberg រវាងរដ្ឋាភិបាលយេម៉ែន និងក្រុម Houthi ដើម្បីកាត់បន្ថយជម្លោះសេដ្ឋកិច្ចរបស់ពួកគេ។
កិច្ចព្រមព្រៀងនេះ រួមមានការលុបចោលរាល់ការសម្រេចចិត្ត និងនីតិវិធីថ្មីៗប្រឆាំងនឹងធនាគារដោយភាគីទាំងពីរ ការបន្តជើងហោះហើររបស់ Yemenia Airways រវាង Sanaa និង Jordan និងប្រតិបត្តិការជើងហោះហើរទៅកាន់ទីក្រុង Cairo និងប្រទេសឥណ្ឌា។
គួររំលឹកថា អស់រយៈពេលជាងពីរឆ្នាំមកហើយ ប្រទេសយេម៉ែនបានឃើញការបន្ធូរបន្ថយពីជម្លោះដែលបានចាប់ផ្តើមក្នុងខែមីនា ឆ្នាំ២០១៥៕