កាលពីថ្ងៃចន្ទ(០៥ ខែសីហា) មហាអំណាចលោកខាងលិច បានអំពាវនាវឱ្យប្រទេសបង់ក្លាដែស រក្សាភាពស្ងៀមស្ងាត់..!។
បន្ទាប់ពីលោកស្រី សេក ហាស៊ីណា (Sheikh Hasina) បានចុះចេញពីតំណែង ជានាយករដ្ឋមន្ត្រីបង់ក្លាដែស និងបានភៀសខ្លួន ទៅកាន់ប្រទេសឥណ្ឌា។
ពលរដ្ឋបង់ក្លាដែស នៅបរទេសបានអបអរដំណឹងនេះ ខណៈប្រទេសផ្សេងទៀត ជំរុញឱ្យប្រទេសនេះ រក្សាសណ្ដាប់ធ្នាប់ បន្ទាប់ពីការតវ៉ាដ៏ហិង្សា។
សហភាពអឺរ៉ុប បានអំពាវនាវឱ្យ «ស្ងប់ស្ងាត់»និងអត់ធ្មត់ ហើយជំរុញឱ្យអ្នកដែលត្រូវបានឃុំខ្លួនតាមអំពើចិត្តគួរតែត្រូវបានដោះលែងជាបន្ទាន់។
អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក គា ស្តាមើ (KEIR STARMER) និយាយថា អ្នកស្លាប់ដ៏ច្រើន រួមទាំងសិស្ស កុមារ និងមន្ត្រីអនុវត្តច្បាប់ក្នុងការតវ៉ានៅបង់ក្លាដែស គឺមិនអាចទទួលយកបានទេ។
ក្រសួងការបរទេសកាណាដា បានថ្កោលទោសអពើហិង្សានោះ ហើយជំរុញឱ្យភាគីនានាគោរពការផ្លាស់ប្ដូរអំណាចដោយសន្តិវធី និងប្រកបដោយប្រជាធិបតេយ្យ។ប្រទេសផ្សេងទៀត រួមទាំងស្រីលង្កា រុស្ស៊ី និងអាល្លឺម៉ង់ ក៏បានជំរុញឱ្យអត់ធ្មត់ ការរួបរួម រួមទាំងក្តីសង្ឃឹមសម្រាប់ការវិលត្រលប់ទៅរកសន្តិភាព និងស្ថិរភាពយ៉ាងឆាប់រហ័ស ដោយជំរុញឱ្យបង់ក្លាដែស បន្តដើរតាមមាគ៌ាប្រជាធិបតេយ្យ៕