(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកទី០៨.០៨.២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត (DE MONTFORt) ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ដូមីនីក វីលៀមស៍ (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាផងដែរ។
ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បង្ហាញក្តីសប្បាយរីករាយ ដែលបានឃើញសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត ដ៏ល្បីរបស់ចក្រភពអង់គ្លេស វិនិយោគលើការបណ្តុះបណ្តាលនៅកម្ពុជា។
សម្តេចធិបតី បានថ្លែងថា ក្នុងនាមជាអតីតនិស្សិត ដែលបានសិក្សានៅចក្រភពអង់គ្លេស, ពេលវេលារបស់សម្តេចនៅប្រទេស អង់គ្លេស គឺជាអនុស្សាវរីយ៍មួយដ៏ល្អ និងពេញចិត្តបំផុតមួយ នៅក្នុងបទពិសោធសិក្សារៀនសូត្ររបស់សម្តេច។
ដូច្នេះ, សម្តេចពិតជាមានសេចក្តីរំភើបជាពិសេស ចំពោះវត្តមាននៃសាកលវិទ្យាល័យ De Montfort នៅកម្ពុជា។
សម្តេចធិបតី បានថ្លែងថា វត្តមាននេះបង្ហាញពីការទទួលស្គាល់គុណភាពអប់រំរបស់ ព្រះរាជាណាចក្រកម្ពុជា និងសមត្ថភាព របស់និស្សិតខ្មែរថា អាចចូលរៀនបាន, ទទួលយកការអប់រំកម្រិតខ្ពស់ និងមានសមត្ថភាពប្រកួតប្រជែងក្នុងបរិការណ៍នៃស្តង់ដារ អប់រំកម្រិតអន្តរជាតិ។
សម្តេចធិបតី បានថ្លែងថា សាកលវិទ្យាល័យ De Montort បានសម្រេចជ្រើសរើស ប្រទេសកម្ពុជា ជាគោលដៅសម្រាប់បើកសាខារបស់ខ្លួន ដោយសារតែសាកលវិទ្យាល័យនេះ បានទទួលស្គាល់ថា ប្រទេសកម្ពុជាផ្តល់តម្លៃលើវិស័យអប់រំ តាំងពីកម្រិតមូលដ្ឋាន រហូតដល់កម្រិតឧត្តមសិក្សា។
សម្តេចធិបតី បានថ្លែងថា សាកលវិទ្យាល័យ De Montfort បានមើលឃើញថា ការអប់រំកំពុងតែមានឥទ្ធិពលលើការអភិវឌ្ឍ របស់ប្រទេសកម្ពុជា ខណៈដែលរាជរដ្ឋាភិបាល នៅតែបន្តឥតឈប់ឈរក្នុងការពង្រឹងគុណភាព និង បង្កើន សក្ដានុពលរបស់វិស័យអប់រំ ព្រមទាំងលើកកម្ពស់អន្តរជាតិនីយកម្ម ។
សម្តេចធិបតី បានថ្លែងថា សាកលវិទ្យាល័យនេះ ក៏បានសម្លឹងឃើញថា ប្រទេសយើងពោរពេញទៅដោយយុវជន ដែលប្រកបដោយភាពស្វាហាប់ ព្រមទាំងមានភាពបុរេសកម្ម នៅក្នុងការចូលរួមចំណែកអភិវឌ្ឍខ្លួន ក៏ដូចជា អភិវឌ្ឍសហគមន៍ដែលពួកគេរស់នៅ ព្រមទាំងសង្គមជាតិទាំងមូល។
សម្តេចធិបតី បានថ្លែងថា ការទទួលស្គាល់ស្ថិរភាពនយោបាយ, ការរីកចម្រើនសេដ្ឋកិច្ច និង សក្តានុពល កំណើនតទៅអនាគតរបស់កម្ពុជា, ជាពិសេសគឺការវាយតម្លៃទៅលើអំណាចចាយវាយរបស់ទីផ្សារកម្ពុជា ដែលមានបរិមាណកាន់តែរីកធំធាត់ឡើង ស្របតាមការអភិវឌ្ឍជឿនលឿនសេដ្ឋកិច្ចកម្ពុជា។
សម្តេចធិបតី បានថ្លែងថា ការបើកសាកលវិទ្យាល័យបាន គឺជារឿងអស្ចារ្យម្យ៉ាង, ប៉ុន្តែការពិនិត្យលើលទ្ធភាពនៃការបន្តឈរជើង ឱ្យបានយូរអង្វែង និងធានានិរន្តរភាពគ្រប់គ្រង គឺជាបញ្ហាដែលសាកលវិទ្យាល័យនីមួយៗ ត្រូវពិចារណាដោយប្រយ័ត្នប្រយែងខ្លាំងណាស់, ទម្រាំគេសុខចិត្តមកបង្កើតសាខា ដែលមានសំណង់អគារជារូបវន្តនៅក្រៅប្រទេស។
សម្តេចធិបតី បានថ្លែងថា វត្តមានរបស់សាកលវិទ្យាល័យ De Montfort នឹងក្លាយជាកាតាលីករជំរុញការប្រកួតប្រជែង គុណភាពអប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា និង ជាការបង្កើនជម្រើសកាន់តែសំបូរបែប ដល់ទីផ្សារអប់រំ និង និស្សិតកម្ពុជា ។
សម្តេចធិបតី បានថ្លែងថា វត្តមាននៃសាកលវិទ្យាល័យ De Montfort គឺជាការផ្តល់តម្លៃបន្ថែមដល់គ្រឹះស្ថានអប់រំឧត្តមសិក្សា ដោយហេតុថា សាកលវិទ្យាល័យនេះ ត្រូវបានជ្រើសរើសជាមជ្ឈមណ្ឌលជាសកលមួយរបស់អង្គការសហប្រជាជាតិ, និង ដៃគូផ្សេងទៀត ដើម្បីឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការស្រាវជ្រាវ, ការងារសហគមន៍ និង ឧត្តមភាពសិក្សា។
សម្តេចធិបតី បានថ្លែងថា សាកលវិទ្យាល័យ De Montfort អាចជួយកម្ពុជា ក្នុងការការពាររំហូរចេញនៃធនធាន ខួរក្បាល តាមរយៈការផ្ដល់នូវការអប់រំ និង ការបង្កើតការងារនៅនឹងកន្លែងពោល គឺនៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្ដង។
សម្តេចធិបតី បានថ្លែងដោយជឿជាក់ថា នេះគឺជាកាលានុវត្តភាពថ្មី សម្រាប់និស្សិតយើង ក្នុងការ ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ពីប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេស នៅក្នុងប្រទេសកំណើតរបស់ខ្លួន ។
សម្តេចធិបតី បានថ្លែងថា សាកលវិទ្យាល័យ De Montfort ក៏នឹងផ្ដល់ឱកាសដល់និស្សិតខ្មែរ ដែលមានបំណង ចង់ទទួលបានបទពិសោធសិក្សាថ្នាក់ឧត្តមសិក្សា ទាំងរយៈពេលខ្លី និង វែង នៅចក្រភពអង់គ្លេស ឬ នៅ ប្រទេសផ្សេងទៀត, ប៉ុន្តែយ៉ាងណាក្តី តាមរយៈការផ្សារភ្ជាប់វត្តមានផ្ទាល់ នៅលើទឹកដីរបស់កម្ពុជា សាកលវិទ្យាល័យនេះ ក៏នឹងរួមចំណែកបណ្ដុះវប្បធម៌ និង ការយល់ដឹងពីបរិការណ៍អន្តរជាតិ ទន្ទឹមគ្នានឹងបរិការណ៍ដោយឡែកនៃគុណតម្លៃ និងការវិវឌ្ឍនៃសង្គមកម្ពុជាផងដែរ។
សម្តេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះកត្តា មនុស្ស នៅក្នុងការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅកាន់ប្រទេសចំណូលខ្ពស់ ស្របតាមចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ។
សម្តេចធិបតី បានថ្លែងថា យើងមិនអាចក្លាយជាប្រទេសអ្នកមានបានទេ ប្រសិនបើធនធានមនុស្សរបស់យើង ពុំមាន ចំណេះដឹង និង សមត្ថភាព ជំនាញ, ពុំអាចប្រកួតប្រជែងនៅលើឆាកអន្តរជាតិ, ពុំមានសុខភាពល្អគ្រប់គ្រាន់ និងពុំមានសមត្ថភាពចូលរួមកសាង មូលដ្ឋាននៃសង្គម សេដ្ឋកិច្ច និង ឧស្សាហកម្ម ដែលផ្អែកលើចំណេះដឹង។
សម្តេចធិបតី បានថ្លែងថា មនុស្ស គឺជាកត្តាស្នូលនៃគោលនយោបាយរបស់យើង, ដូច្នេះហើយការអប់រំ និង ការបណ្តុះបណ្តាលមូលធនមនុស្ស គឺជាយុទ្ធសាស្ត្រវិនិយោគវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើតមូលដ្ឋាន សង្គម-សេដ្ឋកិច្ច និង ឧស្សាហកម្ម ដែលផ្តោតលើជំនាញ និង ចំណេះដឹង និងដើម្បីធានាថា កម្ពុជានឹង មិនធ្លាក់ចូលក្នុងអន្ទាក់នៃប្រទេសចំណូលមធ្យម នៅក្នុងដំណើរដ៏វែងឆ្ងាយរបស់យើង ឈានឆ្ពោះទៅ ឋានៈជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។
សម្តេចធិបតី បានថ្លែងថា ការវិនិយោគរបស់សាកលវិទ្យាល័យ De Montfort គឺជាការផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដែលមានលក្ខណៈយូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស។
សម្តេចចង់លើកទឹកចិត្ត ឱ្យសាកលវិទ្យាល័យ De Montfort សហការឱ្យបានជិតស្និទ្ធជាមួយនឹងបណ្តាញធុរកិច្ចរបស់ចក្រភពអង់គ្លេស ដើម្បីជំរុញការផ្សារភ្ជាប់ការអប់រំ ជាមួយនឹងទីផ្សារការងារ ។
សម្តេចធិបតី បានថ្លែងថា សម្តេចក៏លើកទឹកចិត្តឱ្យសាកលវិទ្យាល័យ សហការជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីទទួលបានការគាំទ្រផ្សេងៗ ទាក់ទងនឹងការបណ្តុះសហគ្រិនភាព ដើម្បីចូលរួមបង្កើតការងារជាក់ស្ដែងនៅក្នុងប្រទេស។
សម្តេចធិបតី បានថ្លែងថា សម្តេចចង់ឃើញសាកលវិទ្យាល័យ De Montfort ក្លាយជាទីប្រមូលផ្តុំ (hub) និង ជាដែកឆក់ (magnet) នៃការវិនិយោគមកពីចក្រភពអង់គ្លេស ដែលជួយផ្សារភ្ជាប់ទំនាក់ទំនងរវាងធនធានមនុស្ស និង អនាគតអ្នកដឹកនាំ ដែលសាកលវិទ្យាល័យបានខិតខំបណ្តុះបណ្តាល ជាមួយនឹងតួអង្គទីផ្សារ វិនិយោគិន និង ឧស្សាហកម្មអនាគតរបស់ចក្រភពអង់គ្លេស ៕