យុវជនប៉ាឡេស្ទីនម្នាក់ ត្រូវបានកងកម្លាំងអ៊ីស្រាអែល បាញ់សម្លាប់កាលពីយប់ថ្ងៃអង្គារ(ទី១៣ ខែសីហា) ក្នុងក្រុង Anata ភាគខាងកើតនៃក្រុង ហ្សេរុយសាឡឹមខាងកើត។
អភិបាលក្រុង Jerusalem ដែលគ្រប់គ្រងដោយអាជ្ញាធរប៉ាឡេស្ទីន បានកំណត់អត្តសញ្ញាណជនរងគ្រោះថាជា Shadi Sheha អាយុ 16 ឆ្នាំ ដែលកំពុងធ្វើការនៅកន្លែងលាងរថយន្ត។
យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន Wafa បានរាយការណ៍ថា Sheha ត្រូវបានតម្រង់គោលដៅ ដោយអ្នកលបបាញ់របស់កងទ័ពអ៊ីស្រាអែល ឈរជើងនៅខាងក្នុងការតាំងទីលំនៅ Pisgat Ze’ev ។
ក្មេងជំទង់ត្រូវបានគេចោទថា គប់ដុំថ្មទៅលើទាហានអ៊ីស្រាអែល ពេលគាត់ត្រូវបានគេបាញ់។
ក្រោយមកគាត់បានស្លាប់ ដោយសាររបួសនៅមន្ទីរពេទ្យ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការវាយឆ្មក់របស់យោធាអ៊ីស្រាអែល នៅតំបន់ West Bank កាន់តែកើតមានជាញឹកញាប់។ ដោយមានអំពើហិង្សា កាន់តែខ្លាំងឡើងចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅហ្គាហ្សានៅថ្ងៃទី 7 ខែតុលា ឆ្នាំ 2023។
ជនស៊ីវិលប៉ាឡេស្ទីន ក៏បានប្រឈមមុខនឹងការវាយប្រហារដោយហិង្សាពីសំណាក់អ្នកតាំងលំនៅអ៊ីស្រាអែលខុសច្បាប់ផងដែរ។
ចាប់តាំងពីការចាប់ផ្តើម នៃជម្លោះមក យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន 625 នាក់ត្រូវបានសម្លាប់ ហើយជិត 5,400 នាក់ផ្សេងទៀតបានរងរបួស។
ដោយសារការបាញ់របស់កងទ័ពអ៊ីស្រាអែល នៅក្នុងទឹកដីដែលកាន់កាប់ នេះបើយោងតាមក្រសួងសុខាភិបាល ប៉ាឡេស្ទីន៕