(ភ្នំពេញ)៖ នៅព្រឹកទី១៥ ខែសីហា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយអាចារ្យ អាចារិនី ចំនួន១ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ….!។
រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ធ្វើឱ្យសង្គមកម្ពុជាទាំងមូលមាន សុខសន្តិភាព ស្ថិរភាព ប្រជាជនរស់នៅប្រកបដោយ ភាពថ្លៃថ្នូរ មានសុខដុមរមនាជាមួយគ្នា ចាកផុតពីការរើសអើង ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការជំនឿសាសនា អំពើប្រទូស្តរ៉ាយ អំពើហិង្សាផ្សេងៗទាំងនៅក្នុងគ្រួសារ សហគមន៍ ក៏ដូចជានៅក្នុងសង្គមជាតិទាំងមូលផងដែរ។
ក្រៅពីដំណើរការកម្មវិធី នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ដែលជាកម្មវិធីផ្តល់ការអប់រំ តាមរយៈព្រះធម៌ទេសនា ការស្រាវជ្រាវចងក្រងប្រវត្តិវត្តអារាមនៅទូទាំងប្រទេសក្បួនតម្រាផ្សេងៗ ។
ការបោះពុម្ពសៀវភៅនានា សម្រាប់បង្រៀននៅក្នុងវិស័យ ពុទ្ធិកសិក្សា កម្មវិធីទស្សនទានព្រះពុទ្ធសាសនា ការផលិតវីដេអូខ្លី ដើម្បីការអប់រំសីលធម៌ ចរិយាធម៌ ការបង្ហាញពីវិធីប្រតិបត្តិតាម ទំនៀមខ្មែរ នៅតាមប្រព័ន្ធផ្សព្វផ្សាយ និងនៅតាមទីសាធារណៈ ហើយនោះ ការបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌ អាចារ្យ អាចារិនីខ្មែរ នាពេលកន្លងមក ក៏ចាត់ទុកជា កម្មវិធីអាទិភាពមួយ ដែលទទួលបាននូវលទ្ធផលដ៏ត្រចះត្រចង់របស់ក្រសួងធម្មការនិងសាសនា។
លទ្ធផលទាំងនេះកើតចេញពីស្មារតីនៃការអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៩ ស្ដីពីវិបត្តិអាចារ្យ។
កត្តានេះ ជំរុញឱ្យក្រសួងធម្មការនិងសាសនា ត្រូវយកចិត្ត ទុកដាក់ខ្ពស់ ប្រកបដោយស្មារតីបុរេសកម្ម ខិតខំស្រាវជ្រាវឯកសារ និងស្វែងរកធនធានចាស់ព្រឹទ្ធាចារ្យ និងអាចារ្យ ដែលមានចំណេះដឹង ចងចាំបានច្បាស់លាស់នូវពិធីកម្មនានា មានសមត្ថភាពជំនាញខ្ពស់ និងបទពិសោធន៍ជ្រៅជ្រះដើម្បីចូលរួមបើកវគ្គបណ្តុះបណ្តាល តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ក្នុងគោលដៅតម្រង់ ទិសទៅលើការដឹកនាំរៀបចំសាសនពិធី និងទម្រង់ជើងការនៃពិធី អាពាហ៍ពិពាហ៍ ឱ្យមានលក្ខណៈត្រឹមត្រូវជួយបំពេញបន្ថែមដល់ អាចារ្យ អាចារិនី នៅតាមមូលដ្ឋានឱ្យកាន់តែមានចំណេះដឹង ទូលំទូលាយ បង្កលក្ខណៈងាយស្រួលក្នុងការយកទៅអនុវត្ដឱ្យស្រប ទៅនឹងក្បួនច្បាប់ ។
ដែលបានកំណត់ទុកពីបុរាណរៀងមក និងឱ្យ មានការយល់ស្របជាទម្រង់នៃការប្រតិបត្តិ ពីតំបន់មួយទៅតំបន់ មួយនៅទូទាំងប្រទេស។
គិតមកទល់បច្ចុប្បន្ននេះ ក្រសួងបានបើកវគ្គបណ្តុះបណ្តាល តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ បានចំនួន ៤៥វគ្គ រួច មកហើយ មានសិក្ខាកាមជា អាចារ្យ អាចារិនី បានចូលមកសិក្សា ចំនួន១២ ៥១៧អង្គ/នាក់ ក្នុងនោះព្រះសង្ឃ ៨៦១ព្រះអង្គ អាចារិនី ១៩០នាក់។
ចំនួនអាចារ្យដែលបានបណ្ដុះបណ្ដាលហើយ នេះ នៅពុំទាន់ឆ្លើយតបទៅនឹងតម្រូវការរបស់ពុទ្ធបរិស័ទនៅឡើយទេ កត្តានេះ ក្រសួងនឹងបើកវគ្គបណ្តុះបណ្តាលបន្តបន្ទាប់ទៀត ដើម្បីបំពេញទៅតាមតម្រូវការរបស់ពុទ្ធបរិស័ទនៅទូទាំងប្រទេស។
ក្រៅពីវគ្គបណ្តុះបណ្តាល អាចារ្យ អាចារិនី ក្រសួងបានបើកវគ្គ បណ្តុះបណ្តាលដូនជីបានចំនួន ២វគ្គ ផងដែរ ដោយមានសិក្ខាកាម ជាដូនជីបានចូលមកសិក្សាមានចំនួន ១,១០៧នាក់។
ក្រោយពីការបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រម សីលធម៌អាចារ្យខ្មែរ ជាលទ្ធផលបានសង្កេតឃើញថា សិក្ខាកាម ទាំងអស់ទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដូចជា៖
១ ទទួលបានចំណេះដឹងនិងបទពិសោធន៍ជាច្រើនពីសំណាក់
គ្រូឧទ្ទេសាចារ្យ។
២ ទទួលបាននូវឯកសារ ក្បួនច្បាប់ច្បាស់លាស់ និងត្រឹមត្រូវសម្រាប់យកទៅប្រតិបត្តិនិងផ្សព្វផ្សាយបន្ត។
៣ ទទួលបាននូវបទពិសោធន៍រវាងសិក្ខាកាមនិងសិក្ខាកាម ការស្គាល់គ្នាពីតំបន់មួយទៅតំបន់មួយ និងការផ្លាស់ប្តូរមតិយោបល់គ្នា។
៤ បានដោះស្រាយនូវចម្ងល់រួម ក្នុងការប្រារព្ធពិធីកម្ម និងពិធី មង្គលនានា ដែលមានលក្ខណៈផ្សេងៗគ្នា តាមទម្លាប់ក្នុង តំបន់ឱ្យមានការយល់ស្របគ្នាជាទស្សនៈក្នុងការប្រតិបត្តិ។
៥ យល់ដឹងនិងប្រតិបត្តិបានត្រឹមត្រូវតាមតួនាទី ភារកិច្ច និងក្រមសីលធម៌របស់អាចារ្យខ្មែរ។
៦ អាចរួបរួមគ្នាបង្កើតបាននូវសាមគ្គីធម៌ រួមចំណែកធ្វើឱ្យមាន សុខដុមនីយកម្មសាសនា និងប្រពៃណី ទំនៀមទម្លាប់។
៧ ជាកម្លាំងចលករដ៏សំខាន់ ក្នុងការបន្តថែរក្សា ការពារ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ ឱ្យស្ថិតស្ថេរ គង់វង្សអស់កាលជាយូរអង្វែង។
ក្រោយពីមានការបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ និងតាមរយៈការផ្សព្វផ្សាយយ៉ាងទូលំ ទូលាយ នូវកម្រងឯកសារនានា ទាក់ទងនឹងប្រពៃណី ទំនៀមទម្លាប់៕