(ភ្នំពេញ)៖ ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី៩ចំនួនប្រមាណ១.០០០នាក់នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ករណីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម DTA បានបង្កជាក្តីកង្វល់សម្រាប់ប្រជាជនទាំងអស់គ្នា មិនថាអ្នកគាំទ្រ ឬមិនគាំទ្រនោះទេ ដែលបានព្រួយបារម្ភពីការបាត់បង់ទឹកដី និងអធិបតេយ្យដូចគ្នា រួមទាំងរូបសម្តេចផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋដែលព្រួយបារម្ភរឿងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម DTA ត្រូវប្រកាន់អភិក្រម ជជែកគ្នា ប៉ុន្ដែធ្វើយ៉ាងណាកុំធ្វើសកម្មភាពប៉ះពាល់ដល់អសន្ដិសុខជាតិ នាំឱ្យខ្មែរបែកបាក់សាមគ្គីភាពជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ដើម្បីលុបបំបាត់កង្វល់របស់បងប្អូនប្រជាពលរដ្ឋទាក់ទងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀណាម គឺមានតែរាជរដ្ឋាភិបាល ខិតខំធ្វើការអភិវឌ្ឍតំបន់ខេត្តទាំង៤ នោះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសគឺផ្នែកហេដ្ឋារចនាសម្ព័ន្ធតែម្តង៕