ព្រៃនៅខេត្តឆ្នេរសមុទ្រ Izmir ភាគខាងលិចនៃប្រទេសទួរគី ត្រូវបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ។
ខណៈខ្យល់បក់ខ្លាំង បានធ្វើឱ្យលំនៅឋាន និងអាជីវកម្មជាច្រើនកន្លែង ត្រូវបានឆេះបំផ្លាញ និងបង្ខំឱ្យ មនុស្សមួយចំនួនត្រូវជម្លៀសខ្លួន។
រថយន្តសង្គ្រោះ ត្រូវបានគេឃើញទៅដល់តំបន់លំនៅឋាន កាលពីថ្ងៃសុក្រ ទី១៦ សីហា ខណៈអគ្គិភ័យបានឆាបឆេះ រាលដាលខ្លាំង។
អគ្គិភ័យនៅខេត្ត Izmir បានចាប់ផ្តើម កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី១៥ សីហា នៅក្នុងស្រុក Karsiyaka ដោយមិនទាន់ដឹងមូលហេតុ ។
ខណៈក្រុមអ្នកពន្លត់អគ្គិភ័យ បានធ្វើការរួចហើយដើម្បីទប់ស្កាត់អគ្គិភ័យចំនួនបីកន្លែងដាច់ដោយឡែកពីគ្នា នៅភាគពាយព្យប្រទេសទួរគី។
ក្រុមអ្នកពន្លត់អគ្គិភ័យ ក៏បានព្យាយាមទប់ស្កាត់ចំហេះព្រៃផ្សេងទៀត នៅភាគខាងជើងផងដែរ។
អភិបាលខេត្ត Izmir លោក Suleyman Elban បាននិយាយថា អគ្គិភ័យនៅក្រុង Karsiyaka បានបន្តនៅតំបន់ចន្លោះពី ៤ ទៅ ៥ តំបន់ផ្សេងគ្នា ទោះបីជាមានការខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់អគ្គិភ័យ ដោយប្រើប្រាស់យន្តហោះ ឧទ្ធម្ភាគចក្រ និងរថយន្តពន្លត់អគ្គិភ័យផ្សេងទៀតក៏ដោយ ហើយប្រជាជននៅក្នុងភូមិមួយ ត្រូវបានជម្លៀសចេញ។
តំបន់ឆ្នេរនៃប្រទេសទួរគី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានបំផ្លាញដោយភ្លើងព្រៃ ខណៈរដូវក្តៅកាន់តែក្តៅឡើង និងស្ងួតជាងមុន៕