(កណ្ដាល)៖ ក្រោយនាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌនិងខេត្ត នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ-ធ្វើរបាយការណ៍ ជូនក្រសួងមហាផ្ទៃ ដោយអះអាងថា ទំនាស់ដី”បឹងរាម”ទំហំ១២៥ហិកតា ស្ថិតនៅឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ត្រូវបានដោះស្រាយបញ្ចប់ទាំងស្រុងហើយនោះ….!។
-ឥឡូវនៅថ្ងៃទី១៩.០៨.២០២៤ ស្រាប់តែប្រជាពលរដ្ឋ បានចេញមុខបកអាក្រាតនិងអះអាងថា ទំនាស់ដី”បឹងរាម”ត្រង់ចំណុចខាងលើ គឺពុំបានដោះស្រាយបញ្ចប់ ដូចរបាយការណ៍ នោះឡើយ..!។
ជាក់ស្ដែង កាលពីកំឡុងឆ្នាំ២០១៩
គណៈកម្មការដោះស្រាយវិវាទ គ្រាន់តែកោះហៅភាគីឈ្មោះ ភឺន ផល្លា និងឈ្មោះ លឹម សុជាតិ មកដោះស្រាយជាមួយ”ក្រុមហ៊ុន អាយអិនជី”ប៉ុណ្ណោះ…!។
ខណៈពួកខ្លួនជាម្ចាស់ដីអាស្រ័យផលជាង ៤០ហិកតានៅ”បឹងរាម”ត្រូវអាជ្ញាធរមូលដ្ឋាន បំបិទចោល មិនហៅមកដោះស្រាយ នឹងមិនប្រាប់ឱ្យដឹង រឿងអ្វីទាំងអស់!។
មិនតែប៉ុណ្ណោះ គណៈកម្មការ ក៏បានធ្វើរបាយការណ៍ ជូនថ្នាក់ដឹកនាំដោយអះអាងថា ទំនាស់ដី”បឹងរាម”បានដោះស្រាយបញ្ចប់ទាំងស្រុងទៅវិញ…!។
ជាហេតុនាំឱ្យពលរដ្ឋ រងការខាតបង់យ៉ាងធ្ងន់ធ្ងរ និងកំពុងដង្ហើយរកយុត្តិធម៌…..!។
ដោយពួកគាត់អះអាងថា ដីរបស់ខ្លួន ត្រូវអាជ្ញាធរនិងមន្ត្រីសុរិយោដីខេត្តកណ្ដាល យកទៅកាត់ឆ្វៀលចេញប័ណ្ណកម្មសិទ្ធ(ប្លង់រឹង)ឱ្យអ្នកផ្សេងទាំងបំពាន….!។
-ករណីនេះ អាជ្ញាធរមូលដ្ឋានថ្លែងថា”ពុំច្បាស់ទេ”ព្រោះរឿងហេតុកើតឡើងតាំងពីពុំទាន់ បង្កើតក្រុងអរិយក្សត្រ.មកម្ល៉េះ.!។
-សូមជម្រាបថា ដី”បឹងរាម”ទំហំសរុប១២៥ហិកតា អតីតឡូត៍នេសាទលេខ១៧ ពីមុនស្ថិតក្នុងឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល-បច្ចុប្បន្នបានប្ដូរដែនរដ្ឋបាល មកក្នុងសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
-ទាក់ទិនបញ្ហានេះ ពលរដ្ឋឈ្មោះ មួន ទន់ នៅភូមិពុកឫស្សីកណ្តាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងឈ្មោះ ប៉ិច ក្រើន នៅភូមិព្រែកក្របៅទី២ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដែលអះអាងថា ខ្លួនជាម្ចាស់ដី រងគ្រោះខាងលើ…!។
បានប្ដឹងសុំកិច្ចអន្តរាគមន៍ ទៅឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី០២.០៧.២០២៤។
ទន្ទឹមនិងនោះ ពលរដ្ឋក៏បានប្ដឹងចូលរដ្ឋបាលខេត្តកណ្ដាល ផងដែរ ក្នុងបំណងទាមទាររកយុត្តិធម៌….!។
-នៅក្នុងបណ្ដឹង បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ រដ្ឋបាលខេត្តកណ្តាល និងមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្ដាល បានយកដីរបស់ពួកគាត់ ទាំង២នាក់ សរុបប្រហែល ៦០ហិកតា ត្រង់ចំណុចខាងលើ មកកាត់ឆ្វៀល ចេញប័ណ្ណកម្មសិទ្ធ(ប្លង់រឹង)ឱ្យទៅអ្នកផ្សេងទាំងបំពានតែម្ដង ធ្វើឱ្យពួកខ្លួន ខាតបង់ផលប្រយោជន៍យ៉ាងធ្ងន់ធ្ងរ..!។
លោក មួន ទន់ និងលោក ប៉ិច ក្រើន បន្តថា ដីមួយកន្លែងនេះ គឺពួកខ្លួនបានប្រមូលទិញ ពីពលរដ្ឋអ្នកអាស្រ័យផលជាង១០គ្រួសារ កាលពីកំឡុងឆ្នាំ២០១០។
ពោលគឺ ក្រោយពេលទិញរួច ពួកគាត់បានកាន់កាប់ និងអាស្រ័យផលបន្តរហូត!។
លុះដល់អំឡុងឆ្នាំ២០១៩ ស្រាប់តែក្រុមហ៊ុនឯកជនមួយ ចេញមកអះអាងថា ដីត្រង់ចំណុចខាងលើ ជាដីរបស់ក្រុមហ៊ុន.ហើយក្រុមហ៊ុន ក៏បានដាក់គ្រឿងចក្រ ឈូសឆាយលើកទំនប់ព័ទ្ធ ក្ដោបយកដីរបស់ពួកគាត់ ទាំងបំពានតែម្ដង..!។
មិនត្រឹមតែប៉ុណ្ណោះ តំណាងក្រុមហ៊ុន ថែមទាំងសំឡុតនិងគំរាម ចាប់ពួកខ្លួន ដាក់គុកទៀតផង ដោយចោទថា អ្នកទាំង២ រំលោភយកដីក្រុមហ៊ុន?។
ជាមួយគ្នានោះ ភាគីក្រុមហ៊ុន បានស្នើទៅអាជ្ញាធរ និងមន្ត្រីជំនាញ ដើម្បីធ្វើ(ប្លង់រឹង)គ្របលើដីពួកគាត់ថែមទៀត!។បើតាមលោក មួន ទន់ ខណៈពេលនោះ ពួកខ្លួនបានប្ដឹងជំទាស់និងទប់ស្កាត់ ប៉ុន្តែរាល់បណ្ដឹងរបស់គាត់ ហាក់គ្មានប្រសិទ្ធភាពទាល់តែសោះ!។
ជាក់ស្ដែង នៅខែសីហា ឆ្នាំ២០២០ រូបលោកបានប្ដឹងទប់ស្កាត់ ចូលរដ្ឋបាលខេត្តកណ្ដាល។
ក្នុងនោះរដ្ឋបាលខេត្តកណ្ដាល មិនត្រឹមតែគ្មានដំណោះស្រាយប៉ុណ្ណោះទេ…!។
ដោយថែមទាំង យកដីពួកគាត់ ដែលកំពុងមានទំនាស់ត្រង់ចំណុចខាងលើ ទៅកាត់ឆ្វៀលនិងចេញប័ណ្ណកម្មសិទ្ធ(ប្លង់រឹង)ឱ្យតំណាងក្រុមហ៊ុនប្រមាណជិត១០ឈ្មោះ ស្មើ នឹងជិត១០ប័ណ្ណ.សរុបប្រហែល៦០ ហិកតា!។
-គួរំលឹកថា កាលពីខែមករា ឆ្នាំ២០២០ នាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌនិងខេត្ត បានធ្វើរបាយការណ៍ គោរពជូនក្រសួងមហាផ្ទៃ ដោយអះអាងថា«ករណីវិវាទដីធ្លីនៅចំណុច”បឹងរាម”គឺត្រូវបានដោះស្រាយបញ្ចប់ទាំងស្រុងហើយ”។
-ក្នុងរបាយការណ៍នោះ ក៏បានបញ្ជាក់ដែរថា ដោយអនុវត្តតាមស្មារតីនៃលិខិតលេខ ២៣៣៧ សជណ ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល។
បានធ្វើការប្រកាសបិទផ្សាយឯកសារវិនិច្ឆ័យក្បាលដី ដោយបានចុះបញ្ជី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុ ជូនប្រជាពលរដ្ឋបានចំនួន១៦ប័ណ្ណ ស្មើនឹង ៨២ហិកតា ២២៦៨ម៉ែត្រការ៉េ(ទំហំដីនេះ គឺបាន កាត់ចេញពីផ្ទៃដីសម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធសាធារណៈរួចហើយ)។
-ពាក់ព័ន្ធករណីនេះ នៅល្ងាចទី១៩.០៨.២០២៤«ដើមរាំង»បានសុំការបំភ្លឺពីលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ដោយលោកថ្លែងថា«អរគុណបង ខ្ញុំពេលស្រាវជ្រាវ»។-រីឯលោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកណ្ដាល មិនអាចសុំការបំភ្លឺបានទេ ដោយលោកថា ជាប់ប្រជុំ រួចក៏ចុចបិទទូរស័ព្ទ.!។-ចំណែកលោក ស៊ី ជីវុត្ថា នាយករដ្ឋបាលខេត្តកណ្ដាល និងជាអ្នកនាំពាក្យ បានថ្លែងថា កាលពីអំឡុងឆ្នាំ២០១៩ រូបលោកពុំទាន់កាន់ការងារនេះទេ ហេតុនេះសូមសួរទៅមន្ត្រីជំនាញវិញ.ទើបដឹង..!។-លោក ជាង រិទ្ធី នាយកទីចាត់ការអន្តរវិស័យសាលាខេត្តកណ្ដាល បានថ្លែងប្រាប់«ដើមរាំង»ថា រឿងបំបិទពលរដ្ឋ ឬមិនបំបិទលោកពុំច្បាស់ទេ..!។
ហើយករណីនេះលោក ចង់ឱ្យភាគីទំនាស់ចរចាគ្នា ក្រៅផ្លូវការដើម្បីបញ្ចប់រឿង.!។
បើតាមលោក ជាង រិទ្ធី កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ លោកបានហៅពលរដ្ឋ មកប្រជុំដើម្បីត្រៀម ឯកសារឆ្លើយបំភ្លឺប៉ុណ្ណោះ ដោយយោងតាម ឯកសារចម្លងរបស់ ACU ។
ក្នុងនោះលោក ជាង រិទ្ធី ក៏បានស្នើឱ្យពលរដ្ឋប្ដឹងចូលមក រដ្ឋបាលខេត្តកណ្ដាលផងដែរ ដើម្បីឱ្យលោក មានមូលដ្ឋានដោះស្រាយ…!។
-លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ បានថ្លែងថា លោកពុំបានដឹងទេ ព្រោះពេលនោះ ពុំទាន់បង្កើតក្រុងអរិយក្សត្រ.!។
-លោក កែវ ច័ន្ទរ៉ា ចៅសង្កាត់ព្រែកអំពិល ក៏បានថ្លែងស្រដៀងគ្នាដែរថា លោកពុំច្បាស់ទេចំពោះរឿងខាងលើ.!។
-ចំពោះសំនួរថា តើអាជ្ញាធរ បានបំបិទពលរដ្ឋមិនហៅមកដោះស្រាយមែនឬទេ…?។
-ត្រង់ចំណុចនេះលោក កែវ ច័ន្ទរ៉ា បានឆ្លើយថា ខណៈពេលនោះ លោកកាន់ការងារផ្លូវថ្នល់ គឺពុំបានដឹងឡើយ!។ -ទោះជាយ៉ាងណាក៏ដោយ ពលរដ្ឋជាង១០គ្រួសារ នៅសង្កាត់ព្រែកអំពិល បានចេញមុខអះអាងថា ដីត្រង់ចំណុច”បឹងរាម”បច្ចុប្បន្នស្ថិតនៅភូមិព្រែកក្របៅទី១ និងភូមិព្រែកក្របៅទី២ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ…!។
គឺពួកខ្លួន បានកាន់កាប់និងអាស្រ័យផល តាំងពីឆ្នាំ១៩៨៥មកម្ល៉េះ និងបានលក់ឱ្យឈ្មោះ មួន ទន់ និងឈ្មោះ ប៉ិច ក្រើន នៅឆ្នាំ២០១០ ប្រាកដមែន…!។
-ជាមួយគ្នានេះ លោក មួន ទន់ និងលោក ប៉ិច ក្រើន សូមស្នើយ៉ាងទទូចដល់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយអន្តរាគមន៍ ចាត់វិធានការផ្លូវច្បាប់ ទៅលើមន្ត្រីនៃរដ្ឋបាលខេត្តកណ្ដាល ។
ដោយពួកគាត់អះអាងថា បានផ្អឹបបណ្ដឹងគាត់ ទុកចោល រយៈពេល៤ឆ្នាំហើយ មិនដោះស្រាយ ។
នឹងសុំឱ្យបើកការស៊ើបអង្កេតស្រាវជ្រាវ ពីភាពមិនប្រក្រតី នៃការកសាងប័ណ្ណកម្មសិទ្ធ(ប្លង់រឹង)នឹងសុំនិរាករណ៍ចោល ចំពោះវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ(ប្លង់រឹង)ដែលចេញគ្របលើដីពួកគាត់ដោយក្ដីអនុគ្រោះ៕