(តាកែវ)៖ ករណីប្រជាពលរដ្ឋស្លាប់ ចំនួន៣នាក់ និងម្នាក់ទៀតកំពុងសង្គ្រោះនៅមន្ទីរពេទ្យ គឺពិតជាពុលស្រាថ្នាំប្រាកដមែន..!។
-នេះយោងតាមការបញ្ជាក់ពី លោក លៀង សុភា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ ក.ប.ប.ខេត្តតាកែវ ដែលបានថ្លែងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។
-ទីតាំងផលិតស្រាថ្នាំ ដែលបានបង្កឱ្យពុលស្លាប់មនុស្ស គឺស្ថិតនៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។
ទាក់ទិនបញ្ហានេះ កាលពីល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ មានករណីដោយសង្ស័យពុលស្រាថ្នាំ មន្ត្រីស៊ើបអង្កេត នៃសាខា ក.ប.ប. ខេត្តតាកែវ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម អធិការស្រុកទ្រាំង និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រង៉ែ បានចុះទៅសាកសួរព័ត៌មានលម្អិត និងយកសំណាកគំរូ (ស្រាថ្នាំ)ទៅធ្វើពិសោធន៍។
ក្រោយមន្ត្រីជំនាញ យកសំណាកទៅពិនិត្យ ពិសោធន៍ និងវិភាគ ជាលទ្ធផល ស្រាថ្នាំនោះ មានជាតិមេតាណុលក្នុងស្រា កម្រិត ១៥% ប្រសិនពិសាចាប់ពី ៦៦០ មីលីលីត្រ ឡើងទៅ អាចស្លាប់បាន។
សូមជម្រាបថា ករណីពុលស្រា.ស ស្រាថ្នាំ តែងតែកើតមានជាញឹកញាប់ បើទោះបីជាមន្ត្រីជំនាញពាក់ព័ន្ធធ្វើការផ្សព្វផ្សាយ អប់រំ ណែនាំ ដល់ម្ចាស់សិប្បកម្មផលិតស្រាក្នុងខេត្ត និងអាជីវករលក់ស្រា.ស-ស្រាថ្នាំយ៉ាងណាក៏ដោយ។
កន្លងមក អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប នៃក្រសួងពាណិជ្ជកម្ម បានរៀបចំធ្វើសិក្ខាសាលាផ្សព្វផ្សាយស្ដីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងគោលការណ៍ណែនាំមួយចំនួនពាក់ព័ន្ធនឹងការផលិតស្រាប្រកបដោយសុវត្ថិភាព នៅតាមបណ្ដាខេត្តគោលដៅចំនួន ៦ រួមមាន ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តតាកែវ និងខេត្តកំពត៕