អភិបាលក្រុងបាននិយាយថា ប្រទេសអ៊ុយក្រែន បានបើកការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ដ៏ធំបំផុតមិនធ្លាប់មានពីមុនមក លើទីក្រុងមូស្គូ កាលពីថ្ងៃពុធ(ទី២១ខែសីហា)។
ប៉ុន្តែប្រព័ន្ធការពារដែនអាកាស រុស្ស៊ី បានបំផ្លាញយន្តហោះគ្មានមនុស្សបើកយ៉ាងហោចណាស់១១គ្រឿងដែលកំពុងហោះហើរ ឆ្ពោះទៅកាន់រដ្ឋធានី។
នៅក្នុងសារបង្ហោះ លើបណ្ដាញ Telegram ចៅហ្វាយក្រុងមូស្គូ លោក Sergei Sobyanin បាននិយាយថា នេះជាការប៉ុនប៉ងវាយប្រហារទ្រង់ទ្រាយធំ មួយលើទីក្រុងមូស្គូ ដោយប្រើដ្រូន។
តាមលោក Sobyanin ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បានបាញ់កម្ទេចដ្រូន១០គ្រឿង ហើយមិនមានសេចក្ដីរាយការណ៍ពីការខូចខាត ឬជនរងគ្រោះ នោះទេ។
ការប៉ុនប៉ងវាយប្រហារ ដោយដ្រូនលើទីក្រុងមូស្គូ កើតមានឡើង ខណៈអ៊ុយក្រែន បានបើកការវាយលុកចូលក្នុងតំបន់ Kursk របស់រុស្ស៊ី ។
ជាទីដែលទីក្រុងកៀវ អះអាងថាកងកម្លាំងអ៊ុយក្រែនវាយដណ្ដើមគ្រប់គ្រងបានជាង ៨០ទីតាំង។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២២មក អ៊ុយក្រែនបានប្រើប្រាស់ដ្រូន ។
ដើម្បីវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេង និងឧស្ម័ននៅក្នុងប្រទេសរុស្ស៉ីជារឿយៗ។ កាលពីដើម ខែសីហានេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានកោតសរសើរកងកម្លាំងរបស់លោក សម្រាប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេងក្នុងទឹកដី រុស្ស៊ី ដោយនិយាយថាការវាយប្រហារទាំងនេះអាចនឹងចូលរួមចំណែកនំាទៅរកការបិទបញ្ចប់សង្រ្គាម៕