(ភ្នំពេញ)៖ នៅរសៀលទី២១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាមួយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងមន្ទីរពាក់ព័ន្ធបានចុះពិនិត្យស្ថានភាពច្រាំងស្ទឹងព្រែកត្នោត និងការងារស្ដារប្រឡាយ៩៦ ក្នុងភូមិសាស្ត្រខេត្តកណ្តាល។
ឯកឧត្តមរដ្ឋមន្ត្រី រួមជាមួយអាជ្ញាធរមូលដ្ឋានបាន ចុះពិនិត្យ ១)ស្ថានភាពស្ទឹងព្រែកត្នោតដែលរងការបាក់ច្រាំង ក្នុងភូមិសាស្ត្រសង្កាត់ព្រែកហូរ សង្កាត់ទឹកក្តុល សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល និង ២)វឌ្ឍនភាពការងារស្ដារប្រឡាយ៩៦ នៃគម្រោងប្រព័ន្ធស្រោចស្រពនិងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
សូមបញ្ជាក់ថា៖ គម្រោងសាងសង់ប្រព័ន្ធស្រោចស្រពនិងការពារទឹកជំនន់ស្ទឹងព្រែកត្នោតនឹងធានាបាននូវការការពារ និងកាត់បន្ថយនូវគ្រោះទឹកជំនន់ពីស្ទឹងព្រែកត្នោតដែលតែងតែយាយីដល់រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ និងចូលរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម ព្រមទាំងបម្រើដល់វិស័យទេសចរណ៍ផងដែរ៕