(ភ្នំពេញ)៖ នៅព្រឹកទី២២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីទទួលវត្ថុបុរាណរបស់កម្ពុជា ដែលទើបទទួលបានពីអាមេរិក-ពិធីនេះរៀបចំឡើងនៅវិមានសន្តិភាព។
ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រោះតែសង្គ្រាមទើបនាំឱ្យព្រះបដិមាខ្មែរត្រូវបានគេលួច និងជួញដូរទៅឆ្ងាយពីទឹកដីខ្មែរ។
សម្តេចធិបតី បានថ្លែងថា បើកម្ពុជាគ្មានសង្គ្រាម ក្រុមជនទុច្ចរិតមិនអាចលួចយកសម្បត្តិវប្បធម៌ដូនតាខ្មែរទៅលក់បាននោះឡើយ។
សម្តេចធិបតី បានថ្លែងថា វត្ថុបុរាណដែលយើងទទួលបានមកវិញនាពេលនេះ ជាមរតកវប្បធម៌ជាតិ ដែលមានតម្លៃពុំអាច កាត់ថ្លៃបាន សម្រាប់ប្រជាជនកម្ពុជា ដែលជាម្ចាស់ដើមដ៏ពិតប្រាកដនៃសម្បត្តិវប្បធម៌ទាំងនេះ។
សម្តេចធិបតី បានថ្លែងថា សមិទ្ធផលនាពេលនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ ដ៏ល្អជាមួយបណ្តាប្រទេសនានា និង សហគមន៍អន្តរជាតិ នៅក្នុងយុទ្ធនាការសកល ដើម្បីប្រយុទ្ធប្រឆាំងអំពើចោរកម្ម, ការចរាចរ និង ការជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៌។
សម្តេចធិបតី បានថ្លែងថា សុខសន្តិភាពមានសារៈសំខាន់ណាស់សម្រាប់ជាតិខ្មែរ ហើយថ្ងៃនេះជាខួបមួយឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលថ្មី។ មួយឆ្នាំនេះ រាជរដ្ឋាភិបាលថែរក្សាការពារបានយ៉ាងមុតមាំនៃសុខសន្តិភាព និងស្ថេរភាពសង្គម។
សម្តេចធិបតី បានថ្លែងថា នៅពេលនិយាយដល់ការជួបជុំឡើងវិញនៃព្រលឹងដូនតា, សម្តេចសូមរំឭកបន្តិចអំពីប្រវត្តិនៃបដិមាទព ចំនួន ៩ អង្គ ដែលត្រូវបានគេលួចយកចេញដោយខុសច្បាប់ពីប្រាសាទចិន ស្ថិតក្នុងក្រុមប្រាសាទកោះ កេរ អតីតរាជធានីនៃអាណាចក្រខ្មែរនៅសតវត្សរ៍ទី ១០ នៃ គ្រិស្តសករាជ។
គឺចាប់ផ្តើមតាំងពីជាងមួយពាន់ឆ្នាំមុនម្ល៉េះ នៅពេលដែល ព្រះបាទជ័យវរ្ម័នទី៤ បានដឹកនាំកសាងរាជធានីនៅកោះកេរ ហើយបានឱ្យគេឆ្លាក់រូបបដិមាទោលចំនួន៩ អង្គ ដ៏រស់រវើក និង ស្កឹមស្ពៃ ដែលពិពណ៌នាអំពីឈុត ឆាកប្រយុទ្ធដ៏ល្បីល្បាញមួយរវាងវង្សក្សត្រ បាណ្ឌព និង កៅរព ក្នុងវីរកថា មហាភារត ។
សម្តេចធិបតី បានថ្លែងថា ការស្វែងរក និង ការវិលត្រឡប់មកវិញនៃទេពរបស់វង្សក្សត្រទាំងពីរ បានប្រព្រឹត្តទៅអស់ជាង១០ឆ្នាំមកហើយ តាំងពីជំនាន់ សម្តេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី ដែលបានដឹកនាំការងារនេះ ដោយស្វិតស្វាញបំផុត ហើយទទួលបានរូបបដិមាចំនួន៥រូប មកកម្ពុជាវិញនាឆ្នាំ ២០១៣ និង ឆ្នាំ ២០១៤។
តាមរយៈការងារជាបន្តរបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ មកដល់ពេល បច្ចុប្បន្ននេះ យើងបានទទួលមកវិញនូវបដិមាទេពចំនួន ៨ អង្គ ដោយក្នុងនោះបដិមា ២ អង្គ កំពុងស្ថិតនៅចំពោះមុខអង្គពិធីនាពេលនេះ។
សម្តេចធិបតី បានថ្លែងថា ព្រះបដិមាអង្គចុងក្រោយដែលគេស្គាល់ថា ព្រះក្រឹស្ណៈ ក្រុមការងារ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ កំពុងបន្តយុទ្ធនាការស្វែងរក ដើម្បីបង្គ្រប់ឈុតឆាកដ៏អស្ចារ្យមួយនេះឡើងវិញ ដែលក៏នឹងក្លាយជានិមិត្តរូបដ៏មានតម្លៃនៃការជួបជុំ ។
សម្តេចធិបតី បានថ្លែងថា គិតចាប់ពីឆ្នាំ ១៩៩៦ រហូតដល់ខែ កក្កដា ឆ្នាំ២០២៤, មានវត្ថុសិល្បៈខ្មែរសរុបចំនួន ១០៩៨ វត្ថុ (ក្នុងនោះ ៥៧១ វត្ថុ ប្រគល់ដោយសប្បុរជន និង ៥២៧ វត្ថុ ប្រគល់ដោយរដ្ឋាភិបាល ឬ ស្ថាប័ននានា) បានប្រគល់ត្រឡប់មកកម្ពុជាវិញពីប្រទេសចំនួន ១៥ ដូចជា៖ សហរដ្ឋអាមេរិក បារាំង អូស្ត្រាលី អង់គ្លេស ថៃ ជប៉ុន ឥណ្ឌូនេស៊ី ហូឡង់ ស្វីស កាណាដា ដាណឺម៉ាក អាល្លឺម៉ង់ ហុងគ្រី ស្ទ័រវេស និងចិន។
សម្តេចធិបតី បានថ្លែងថា ថ្ងៃនេះយើងកំពុងប្រារព្ធពិធីទទួលស្វាគមន៍នៃការវិលត្រឡប់មកវិញនូវសម្បត្តិបេតិកភណ្ឌ វប្បធម៌ជាតិសរុបចំនួន ៧០ រូប (ក្នុងនោះ វត្ថុចំនួន ១៤ រូប បានប្រគល់មកវិញពីសារមន្ទីរ Metropolitan Museum of Art នៅទីក្រុងញូវយ៉ក និង ៥៦ រូប ទៀត បានប្រគល់មកវិញពីអ្នកប្រមូល សមុច្ច័យឯកជននានា នៅសហរដ្ឋអាមេរិក) ដែលសុទ្ធសឹងតែជាវត្ថុបុរាណខ្មែរដ៏ពិចិត្រ ដូចបានដាក់ តាំងបង្ហាញនៅទីនេះស្រាប់ ។
សម្តេចធិបតី បានថ្លែងថា ការបញ្ជូនត្រឡប់មកវិញនូវវត្ថុបុរាណខ្មែរដ៏ច្រើននេះ គឺជាលទ្ធផលនៃ កិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់របស់ក្រុមការងារក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក្រោមកិច្ចសហការ និង ការជួយជ្រោមជ្រែងទាំងទិដ្ឋភាពច្បាប់ និង បច្ចេកទេសពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ជាពិសេសតាមរយៈរដ្ឋអាជ្ញាប្រចាំសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក និង ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ។
សម្តេចធិបតី បានថ្លែងថា ក្រុមការងារក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក៏កំពុងរៀបចំនីតិវិធីចាត់ចែង ដឹកជញ្ជូនវត្ថុសិល្បៈខ្មែរចំនួន ៧៦ រូប បន្ថែមទៀត មកពីចក្រភពអង់គ្លេស ដែលបានប្រគល់មកវិញពី គ្រួសារលោក Douglas Latchford អនុលោមតាមកិច្ចព្រមព្រៀង នាខែកញ្ញា ឆ្នាំ២០២០ រវាងក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ ជាតំណាងរាជរដ្ឋាភិបាលកម្ពុជា និង គ្រួសារលោក Douglas Latchford ដោយតម្រូវឱ្យប្រគល់ជូនមកកម្ពុជាវិញ នូវវត្ថុបុរាណខ្មែរទាំងអស់ដែលបានកាន់កាប់រក្សាទុក។
សម្តេចធិបតី បានថ្លែងសូមគូសរំលេចពីអត្ថន័យដ៏សំខាន់ ២ នៃការវិលត្រឡប់ នៃបេតិកភណ្ឌទាំងនេះ មក មាតុភូមិកំណើតរបស់ខ្លួននោះគឺ សន្តិភាព និង ទំនុកចិត្តលើសមត្ថភាពស្ថាប័ន។
១ សន្តិភាព គឺពិតជា មានសារៈសំខាន់បំផុត មិនត្រឹមតែសម្រាប់មនុស្សធម្មតានោះឡើយ សូម្បីតែគ្រួសារអាទិទេព ក៏ត្រូវការ នូវសន្តិភាព សម្រាប់ការជួបជុំមូលត្រកូលគ្នាឡើងវិញ។
ផ្អែកលើមូលដ្ឋានដ៏រឹងមាំនៃសន្តិភាព និង ឯកភាពជាតិ របស់កម្ពុជា ជាពិសេស បន្ទាប់ពីជោគជ័យដ៏ត្រចះត្រចង់នៃ នយោបាយឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, កម្ពុជាបានក្លាយជាទីដ្ឋានដ៏កក់ក្តៅ, មានសុវត្ថិភាព សម្រាប់ការវិលត្រឡប់នៃអាទិទេព ដែលជានិមិត្តរូប នៃការបង្រួបបង្រួមដួងព្រលឹងខ្មែរ ។
បើគ្មានសន្តិភាព, រាជរដ្ឋាភិបាលកម្ពុជា ក៏ពុំមានឱកាសបានគិតគូរប្រមូលផ្ដុំធនធាន ដើម្បីប្រយុទ្ធ ទាមទារបេតិកភណ្ឌទាំងនេះ ត្រឡប់មកវិញ។
បើគ្មានសន្តិភាព, មិត្តបរទេសយើងក៏មិនសហការជួយ ជ្រោមជ្រែងទំនុកបម្រុងឱ្យបេតិកភណ្ឌទាំងនេះ ត្រឡប់មកស្រុកកំណើតវិញដែរ, ពីព្រោះមិត្តរបស់យើង ក៏មានកាតព្វកិច្ចជួយការពារបេតិកភណ្ឌ ហើយពួកគេពិតជាមិនអាចបញ្ចូនបេតិកភណ្ឌ ដែលមានតម្ល មហាសាល ទៅកាន់ប្រទេសដែលកំពុងមានសង្គ្រាម អសន្តិសុខ និង ចលាចលនោះទេ ។
ទី២ ទំនុកចិត្ត និង ការទទួលស្គាល់សមត្ថភាពស្ថាប័នរបស់កម្ពុជា នៅក្នុងការប្រយុទ្ធ តតាំង ការពារ ក៏ដូចជា សមត្ថភាពថែរក្សាបេតិកភណ្ឌ ឱ្យបានគង់វង្ស ស័ក្ដិសមជាប្រទេសកំណើតដើម នៃបេតិកភណ្ឌ ទាំងនោះ។
ទាល់តែគេជឿទុកចិត្តលើសមត្ថភាពស្ថាប័នរបស់កម្ពុជាទើបមិត្តបរទេស ក៏ដូចជាសហគមន៍អន្តរជាតិ ខិតខំសហការ ជួយបំផុសបំផុលចលនាការពារបេតិកភណ្ឌជាមួយកម្ពុជា ព្រោះគេទុកចិត្តថា កម្ពុជាមានសមត្ថភាពគ្រប់គ្រងថែរក្សា និង មានឆន្ទៈខ្ពស់បំផុត នៅក្នុងការខិតខំ ផ្សព្វផ្សាយ និង លើកស្ទួយគុណតម្លៃនៃបេតិកភណ្ឌទាំងនោះ ទៅកាន់សហគមន៍អន្តរជាតិ ក្នុងនាមជា ប្រជាជាតិម្ចាស់ដើម។
សម្តេចធិបតី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល នៃប្រទេសនានា និងភាគីពាក់ព័ន្ធ ដែលបានរួមចំណែកធ្វើឱ្យសម្រេចបាននូវសមិទ្ធផលដ៏វិសេសវិសាលទាំងនេះ។
ជាពិសេសដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក មានដូចជា ក្រសួងការបរទេស, ក្រសួងសន្តិសុខមាតុភូមិ, ក្រសួងយុត្តិធម៌ និង ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដែលបានផ្តល់កិច្ចសហការយ៉ាង ជិតស្និទ្ធ សម្របសម្រួល និង គាំទ្រទាំងទិដ្ឋភាពច្បាប់ និង បច្ចេកទេស ក្នុងការទប់ស្កាត់ និង ការបញ្ជូនត្រឡប់ មកវិញនូវសម្បត្តិវប្បធម៌ខ្មែរ ។
សម្តេចធិបតី សូមយកឱកាសនេះ ថ្លែងអំណរគុណ និង កោតសរសើរដល់ រាជរដ្ឋាភិបាលចក្រភពអង់គ្លេស, សមត្ថកិច្ចពាក់ព័ន្ធ និង ស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ដែល ថ្មីៗនេះ បានសហការយ៉ាងល្អប្រសើរ និង ជួយសម្របសម្រួលក្នុងការបញ្ចូនរូបចម្លាក់ និង គ្រឿង- អលង្ការបុរាណខ្មែរ ត្រឡប់មកកម្ពុជាវិញ ហើយវត្ថុចំនួន ៧៦ រូប ទៀតនឹងត្រូវបានបញ្ជូនមកវិញ នាពេលឆាប់ៗនេះ។
សម្តេច សូមអរគុណ ដល់អ្នកជំនាញច្បាប់អន្តរជាតិ លោក Bradley James Gordon និង លោក Steven Andrew Heimberg ដែលបានខិតខំប្រឹងប្រែងធ្វើការងារនេះអស់រយៈពេលជា ច្រើនឆ្នាំ ប្រកបដោយការព្យាយាម អត់ធ្មត់ ក្នុងការស្វែងរក និង ទាមទារសម្បត្តិវប្បធម៌ខ្មែរ ដែលបាន បាត់បង់កន្លងមកឱ្យបានមកកាន់ប្រទេសកំណើតវិញ ។
សម្តេចធិបតី បានថ្លែងសូមអំពាវនាវដល់សារមន្ទីរ ស្ថាប័ននានា និង អ្នករក្សាទុកវត្ថុបុរាណខ្មែរ សូមមេត្តាបន្តប្រគល់វត្ថុទាំងនោះដោយស្ម័គ្រចិត្តជូនមកកម្ពុជាវិញ ។
សម្តេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា ការប្រគល់វត្ថុបុរាណខ្មែរ ជូនមកកម្ពុជាដែលជាម្ចាស់ដើមវិញនេះ គឺជាកាយវិការដ៏ថ្លៃថ្លាគួរឱ្យគោរព ដែលមិនត្រឹមតែបង្ហាញពីក្រមសីលធម៌ ក្នុងការចូលរួមលើកតម្លៃដល់វប្បធម៌នៃជាតិសាសន៍មួយ ប៉ុណ្ណោះទេ, តែថែមទាំងបានចូលរួមចំណែកដ៏ឧត្ដុង្គឧត្តម ក្នុងការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ របស់មនុស្សជាតិផងដែរ៕