នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ក្នុងទីក្រុង Kyiv កាលពីថ្ងៃសុក្រ(ទី២៣ខែសីហា)។
ខណៈដែលប្រទេសទាំងពីរ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន០៤…!។
លោក Zelenskyy បាននិយាយនៅក្នុងជំនួបជាមួយលោក Modi នៅវិមាន Mariinskyi ដែលជាលំនៅដ្ឋានផ្លូវការ របស់ប្រធានាធិបតីអ៊ុយក្រែនថា ថ្ងៃនេះ យើងបានអនុម័ត។
លោក Zelenskyy បាននិយាយថា ឯកសារទាំងនោះ គ្របដណ្តប់លើវិស័យដូចជា វេជ្ជសាស្ត្រ កិច្ចសហប្រតិបត្តិការកសិកម្ម ទំនាក់ទំនងមនុស្សធម៌ និងវប្បធម៌ ដោយបន្ថែមថាភាគីទាំងពីរក៏បានឯកភាពលើសេចក្តីថ្លែងការណ៍រួមដែលផ្តោតលើការអភិវឌ្ឍន៍ភាពជាដៃគូយុទ្ធសាស្ត្រ។
លោកបានបន្ថែមថា សេចក្តីថ្លែងការណ៍រួមនេះក៏ទាក់ទង នឹងការកសាងពាណិជ្ជកម្មទ្វេភាគី និងកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធាផងដែរ។
លោកបាននិយាយថា បញ្ហានៃការបញ្ចប់សង្រ្គាម និងសន្តិភាពយុត្តិធម៌គឺជាអាទិភាពសម្រាប់ទីក្រុង Kyiv ដោយអរគុណឥណ្ឌាសម្រាប់ការចូលរួមរបស់ខ្លួននៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែនលើកដំបូងដែលបានធ្វើឡើងនៅប្រទេសស្វីសកាលពីខែមិថុនា។
លោក Zelenskyy បានថ្លែងអំណរគុណ ដល់ប្រទេសឥណ្ឌាសម្រាប់ការគាំទ្ររបស់ខ្លួនចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន និងសម្រាប់កញ្ចប់មនុស្សធម៌ចំនួន 16 ដែលខ្លួនបានផ្តល់។
គួរជម្រាបថា លោក Modi បានមកដល់រដ្ឋធានីអ៊ុយក្រែនបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសជិតខាងប៉ូឡូញ។
ពេលមកដល់ លោក Modi ក៏បានទៅថ្វាយបង្គំនៅរូបសំណាក Mahatma Gandhi ។
ដំណើរទស្សនកិច្ចនេះជាលើកដំបូងរបស់នាយករដ្ឋមន្ត្រីឥណ្ឌា ទៅអ៊ុយក្រែន ចាប់តាំងពីបង្កើតទំនាក់ទំនងទ្វេភាគីក្នុងឆ្នាំ ១៩៩២។
លោក Modi បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូកាលពីខែមុន។
ពាណិជ្ជកម្មរវាងរុស្ស៊ី និងឥណ្ឌាបានកើនឡើងចាប់តាំងពីសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងឆ្នាំ2022 ទោះបីជាមានការដាក់ទណ្ឌកម្មពីលោកខាងលិចក៏ដោយ៕