ភ្លើងឆេះព្រៃ នៅភាគខាងជើងរដ្ឋ សៅប៉ូឡូ (Sao Paulo) ប្រទេសប្រេស៊ីល កាលពីថ្ងៃសៅរ៍ (២៤ខែសីហា) បានបញ្ចេញផ្សែងដ៏ក្រាស់គ្របដណ្ដប់ លើទីប្រជុំជននានា ដែលនៅក្បែរ…..!។
ការប្រកួតបាល់ទាត់ មួយត្រូវបានលុបចោល ដោយសារតែបម្រាមក្នុងទីក្រុង រីប៊ែររ៉ាវ ប្រេតូ (Ribeirão Preto) ។
ដែលជាទីក្រុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុតនៃចំហេះនៅភាគខាងលិចនៃរដ្ឋសៅប៉ូឡូ។
ផ្លូវហាយវេ របស់មួយចំនួន ត្រូវបានបិទ ដោយសារតែភ្លើងឆេះព្រៃមួយនេះ។
ខណៈទូរទស្សន៍ក្នុងស្រុក បានបង្ហាញរូបភាពនៃសាកសពគោក្របីដែលបានងាប់នៅក្នុងវាលស្រែដោយសារកម្ដៅនៃអណ្ដាតភ្លើង និងស្រូបផ្សែងខ្លាំងពេក។
រដ្ឋាភិបាលសៅប៉ូឡូ បាននិយាយថា ទីក្រុងចំនួន៣៦ ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ ដោយសារតែចំហេះបានរីករាលដាលខ្លាំងក្នុងរដូវប្រាំង ស្របពេលវាលស្រែស្ងួតហួតហែង និងសីតុណ្ហភាពខ្ពស់។
កាលពីថ្ងៃសុក្រនៅទីក្រុង អ៊ូរូប៉េស (Urupes) ជិតក្រុង រីប៊ែររ៉ាវ ប្រេតូ អ្នកពន្លត់អគ្គិភ័យ២នាក់ បានស្លាប់។
ខណៈព្យាយាមពន្លត់អណ្តាតភ្លើងក្នុងរោងម៉ាស៊ីនផលិតស្ករអំពៅ មួយនៅក្នុងតំបន់ ដែលចម្ការអំពៅ ២០០ហិកតា ត្រូវបានដុតបំផ្លាញ។
រដូវចំហេះព្រៃ របស់ប្រេស៊ីល ជាធម្មតាឡើងដល់កម្រិតធ្ងន់ធ្ងរបំផុតនៅខែសីហា និងកញ្ញា។
ទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថា ចំហេះនៅឆ្នាំនេះបានចាប់ផ្តើមលឿនខុសពីធម្មតានៅតំបន់ ប៉ានតាណាល់ (Pantanal) ដែលជាតំបន់ដីសើមដ៏ធំបំផុតរបស់ពិភពលោកកាលពីចុងខែឧសភា៕