សហព័ន្ធបាល់ទាត់អាល្លឺម៉ង់ (DFL) បានបញ្ជាក់កាលពីថ្ងៃអាទិត្យ(ទី២៥ ខែសីហា)ថា គ្រូបង្វឹកបាល់ទាត់អាល្លឺម៉ង់ លោក Christoph Daum បានទទួលមរណភាពដោយសារជំងឺមហារីកសួត ក្នុងអាយុ៧០ ឆ្នាំ។
សហព័ន្ធបាល់ទាត់អាល្លឺម៉ង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បាល់ទាត់អាល្លឺម៉ង់ កំពុងកាន់ទុក្ខ បន្ទាប់ពីការស្លាប់របស់លោក Christoph Daum ។
អតីតគ្រូបង្វឹកដែលឈ្នះពានរង្វាន់ Bundesliga បានទទួលមរណភាពក្នុងអាយុ ៧០ឆ្នាំដោយសារជំងឺមហារីករយៈពេលវែង។
លោក Daum បានលើកពាន Bundesliga ក្នុងឆ្នាំ 1992 ជាមួយ Stuttgart និងពានរង្វាន់ Austrian League ក្នុងឆ្នាំ 2003 ជាមួយ Austria Wien ។
ក្នុងឆ្នាំ 2003-2006 គាត់គឺជាគ្រូបង្វឹកនៅ Fenerbahce របស់ទីក្រុងអ៊ីស្តង់ប៊ុល និងបានជួយក្រុមលើកពានលីគទួរគីចំនួនពីរជាប់ៗគ្នា គឺក្នុងឆ្នាំ 2004 និង2005។
ក្នុងនោះ វីរបុរសអាល្លឺម៉ង់ ក៏បានឈ្នះជើងឯកលីកឆ្នាំ 1995 ជាមួយនឹងក្រុម Besiktas របស់អ៊ីស្តង់ប៊ុល។
គួរបញ្ជាក់ថា លោក Christoph Daum ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកនៅឆ្នាំ 2022 ។
សហព័ន្ធបាល់ទាត់ទួរគី, Fenerbahce, Galatasaray និង Besiktas សុទ្ធតែបានចូលរួមរំលែកទុក្ខពីគណនី X របស់ពួកគេ៕