ចៅក្រម នៃតុលាការប្រទេសបារាំង កាលពីថ្ងៃពុធ ទី២៨ ខែសីហា បានអនុញ្ញាត ឱ្យលោក Pavel Durov ស្ថាបនិកនិងជា CEO ក្រុមហ៊ុន Telegram នៅក្រៅឃុំជាបណ្ដោះអាសន្ន ដោយតម្កល់ប្រាក់ ៥លានអឺរ៉ូ ស្មើ៥.៥៦លានដុល្លារ..!។
ក្នុងនោះ តុលាការបារាំង មិនអនុញ្ញាត ឱ្យលោក Pavel Durov ធ្វើដំណើរឆ្លងប្រទេស នោះឡើយ។
-នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters។
សេចក្ដីថ្លែងការណ៍ថា រដ្ឋអាជ្ញាបារាំង លោកស្រី Laure Beccuau បានបញ្ជាក់ថា ចៅក្រមបានរកឃើញថាមានភស្តុតាងជាច្រើន ។
ដើម្បីបើកការស៊ើបអង្កេតជាផ្លូវការ លើលោក Durov ពាក់ព័ន្ធនឹងការចោទប្រកាន់ទាំងឡាយ នៅពេលដែលរូបលោក ត្រូវបានចាប់ខ្លួនកាលពីជាង៤ថ្ងៃមុន។
បទល្មើសទាំងនោះ រួមមានការបណ្ដោយ ឱ្យមានការបង្ហោះរូបភាពអាសអាសភារបស់កុមារ ការឆបោក ការជួញដូរគ្រឿងញៀន និងការក្លែងបន្លំនៅលើកម្មវិធី Telegram ព្រមទាំងការបដិសេធ សហការជាមួយ អាជ្ញាធរជាដើម។ល។
មេធាវីរបស់លោក Durov មិនបានធ្វើអត្ថាធិប្បាយអ្វីនោះទេ តែជាមួយការអនុញ្ញាតឱ្យនៅក្រៅឃុំ លោក Durov ត្រូវរាយការណ៍ប្រាប់ប៉ូលិសបារាំង ២ដង ក្នុងមួយសប្ដាហ៍ និងមិនត្រូវបានអនុញ្ញាតឱ្យ ចាកចេញពីប្រទេសបារាំង នោះឡើយ។
ច្បាប់បារាំង ការដាក់ឱ្យនៅក្រោមការស៊ើបអង្កេតជាផ្លូវការ មិនមែនមានន័យថា លោក Durov មានពិរុទ្ធ នោះទេ ឬក៏ចាំបាច់ត្រូវតែឡើងសវនាការនោះដែរ។
ប៉ុន្តែតាមរយៈវិធានការនេះ ចៅក្រមអាចពិចារណាថា តើមានភស្តុតាងគ្រប់គ្រាន់ដើម្បីបន្តនីតិវិធីស៊ើបអង្កេត ឬក៏យ៉ាងណា? ការស៊ើបអង្កេតអាចចំណាយពេលច្រើនឆ្នាំក៏មាន មុននឹងមានការសម្រេចចិត្តថា ត្រូវបើកសវនាការ ឬក៏ត្រូវបិទបញ្ចប់សំណុំរឿង។
គួរបញ្ជាក់ថា លោក Pavel Durov ត្រូវបានប៉ូលិសបារាំង ចាប់ឃាត់ខ្លួននៅឯអាកាសយានដ្ឋាន ឡឺបួរហ្សេ (Le Bourget) ស្ថិតនៅខាងក្រៅទីក្រុងប៉ារីស កាលពី ថ្ងៃសៅរ៍ សប្ដាហ៍មុនមក៕