(តាកែវ)៖ មនុស្ស៤នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែង និងម្នាក់ទៀតបានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បើករថយន្តបោះពួយយ៉ាងលឿន ក៏រេចង្កូតធ្លាក់ផ្លូវ បុកមាត់លូក្រឡាប់ធ្លាក់ចូលក្នុង ទឹកប្រឡាយ។
ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៤ នៅចំណុចលើផ្លូវជាតិលេខ១៣២ ចន្លោះគីឡូម៉ែត្រលេខ ៣-៤ ស្ថិតក្នុងភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។
លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានអោយដឹងថា ពិតជាមានករណីរថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BF-0867 បង្កឡើងដោយខ្លួនឯង ។
បើកបរដោយឈ្មោះ នុត នាក់ចាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិប្រវង់ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរកសិករ ស្លាប់នៅកន្លែងកើតហេតុ) ។
ចំណែកអ្នករួមដំណើរ ជាមួយចំនួន៤ រួមមាន
ទី១-ឈ្មោះ ស៊ន សៀងលី ភេទស្រី អាយុ០៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិប្រវង់ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ (ស្លាប់នៅកន្លែងកេីតហេតុ)។
ទី២-ឈ្មោះ គង់ ថៃ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិប្រវង់ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ (ស្លាប់នៅកន្លែងកេីតហេតុ) ។
ទី៣-ឈ្មោះ ប្រាក់ វីរះ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិកន្ទោកជើង សង្កាត់កន្ទោកខណ្ឌកំបូល រាជធានីភ្នំពេញ (ស្លាប់នៅមន្ទីរពេទ្យ) ។
និងទី៤-ឈ្មោះ ស៊ន លីមីង ភេទប្រុស អាយុ០៤ឆ្នាំ (រងរបួសធ្ងន់) រស់នៅភូមិប្រវង់ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។
លោកអធិការបន្តទៀតថា រថយន្តរងគ្រោះបានបើកបរមកពីទិសខាងលិចទៅកើត លុះមកដល់ចំណុចខាងលើ បានរ៉េចង្កូតធ្លាក់ផ្លូវទៅបុកជាមួយក្បាលលូក្រឡាប់ធ្លាក់ចូលទឹកប្រឡាយពីខាងជើងផ្លូវ។ មូលហេតុបណ្តាល មកពីការបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។
ក្រោយពេលកើតហេតុ សពជនរងគ្រោះទាំង៤នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពែណី រីឯជនរងគ្រោះបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ។
រីឯរថយន្ត ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់។
តាមប្រភពពីសាក្សីដែលចុះទៅមើលដល់កន្លែងកើតហេតុបាននាំគ្នានិយាយថា អ្នកបើកបរប្រាកដជាមានជាតិស្រវឹងក្នុងខ្លួនហើយ ទើបបើកបរថយន្តបង្កហេតុដោយខ្លួនឯងបែបនេះ ។
ហើយបើសិនអ្នកបើកបរមិនមានជាតិស្រវឹងទេនោះ គឺមិនអាចបើករថយន្តបោះពួយលឿន រហូតរេចង្កូតធ្លាក់ផ្លូវទៅបុកមាត់លូហើយក្រឡាប់ចូលប្រឡាយទឹក បណ្តាលឱ្យមានអ្នកស្លាប់ និងរបួសបែបនេះបានឡើយ ៕