(ភ្នំពេញ)៖ ព្រះរាជទ្រព្យចំនួន ៣០ ០០០$ ដែលជាព្រះរាជទានដ៏ឧត្តុងឧត្តមរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងព្រះរាជទ្រព្យចំនួន ៣០ ០០០$ទៀត ជាព្រះរាជទានដ៏ថ្លៃថ្លារបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។
ត្រូវបានឯកឧត្តមឧកញ៉ា មហាមន្ត្រី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ។
អញ្ជើញមកប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា ដែលទទួលដោយឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤។
ព្រះរាជទ្រព្យដ៏ច្រើននេះ គឺជាព្រះរាជវិភាគទានដ៏ឧត្តុងឧត្តមសម្រាប់ចូលរួមក្នុង មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីសាមគ្គី ថែរក្សា ការពារ សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ដោយចូលរួមក្នុងការជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឲ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។
ក្នុងឱកាសនេះ ឯកឧត្តមឧកញ៉ាមហាមន្ត្រី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ក៏បានប្រគល់ជូននូវប្រាក់វិភាគទានរបស់ថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ និងមន្ត្រីរាជការក្រសួងព្រះបរមរាជវាំង ចូលរួម មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន សរុបចំនួន ៣១ ៦០៦ ០០០ (សាមសិបមួយលាន ប្រាំមួយរយប្រាំមួយពាន់រៀល ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែនផងដែរ។
ឯកឧត្តម សេង ទៀង ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីរំភើបរីករាយដោយឥតឧបមា និងសូមថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយចំពោះព្រះមហាករុណាទិគុណដ៏ធ្ងន់បំផុត នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានប្រោសព្រះរាជទាន ព្រះរាជទ្រព្យដ៏ថ្លៃថ្លានេះ គឺបានបង្ហាញឲ្យឃើញពី ព្រះរាជហឬទ័យមេត្តាករុណាសណ្តោសប្រោសប្រណីដ៏មហាប្រសើរខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទាន គាំទ្រចំពោះការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចរបស់ប្រជារាស្ត្រកម្ពុជា៕