ប្រទេសរូម៉ានី និងឡាតវី បានអះអាងកាលពីថ្ងៃអាទិត្យ(ទី០៨ខែកញ្ញា)ថា យន្តហោះគ្មានមនុស្សបើក របស់រុស្ស៊ី បានរំលោភលើដែនអាកាសរបស់ពួកគេ។
សេចក្តីថ្លែងការណ៍មួយ របស់ក្រសួងការពារជាតិរ៉ូម៉ានី បាននិយាយថា យន្តហោះចម្បាំង F-16 ចំនួនពីរគ្រឿង ត្រូវបានបញ្ជូនបន្ទាប់ពីការព្រមានបានបន្លឺឡើង នៅក្នុងតំបន់សមុទ្រខ្មៅ របស់ប្រទេសគឺ Tulcea និង Costanta ។
សេចក្តីថ្លែងការណ៍ បាននិយាយបន្ថែមទៀតថា ប្រព័ន្ធរ៉ាដារបស់ប្រទេសនេះ បានកំណត់អត្តសញ្ញាណយន្តហោះគ្មានមនុស្សបើកដែលឆ្លងកាត់ដែនអាកាសរ៉ូម៉ានី ខណៈដែលវាកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ុយក្រែន។
សេចក្តីថ្កែងការណ៍ក៏បាននិយាយផងដែរថា លទ្ធភាពនៃការធ្លាក់យន្តហោះគ្មានមនុស្សបើកនៅកន្លែងណាមួយនៅជិតភូមិ Periprava កំពុងត្រូវបានពិចារណា ហើយការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើងនៅក្នុងតំបន់នោះ។
សេចក្តីថ្លែងការណ៍នេះបានបន្តថ្កោលទោសការវាយប្រហារ របស់រុស្ស៊ីលើអ៊ុយក្រែន។
ប្រទេសឡាតវី កាលពីថ្ងៃអាទិត្យក៏បានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីបានធ្លាក់នៅលើដីរបស់ខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ X ប្រធានាធិបតីឡាតវី Edgars Rinkevics បាននិយាយថា “យន្តហោះគ្មានមនុស្សបើកយោធារុស្ស៊ីបានធ្លាក់នៅតំបន់ភាគខាងកើតនៃប្រទេសឡាតវីកាលពីម្សិលមិញ មានការស៊ើបអង្កេតបន្ត។
យើងមានទំនាក់ទំនងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តរបស់យើង។
ចំនួនឧប្បត្តិហេតុបែបនេះកំពុងកើនឡើងនៅតាមបណ្តោយខាងកើតនៃអង្គការអូតង់ ហើយយើងត្រូវតែដោះស្រាយពួកគេជាសមូហភាព។
ជាមួយគ្នានេះ ក្រសួងការពារជាតិឡាតវីបានអះអាងថា ដ្រូនដែលធ្លាក់នោះបានហោះចូលប្រទេសពីប្រទេសបេឡារុស្សដែលនៅជិតខាង។
កងទ័ពអាកាសអ៊ុយក្រែន បានអះអាងថា ការការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់កាំជ្រួចមួយក្នុងចំនោមមីស៊ីលចំនួនបួន និងយន្តហោះគ្មានមនុស្សបើកចំនួន 15 គ្រឿងក្នុងចំណោម 23 គ្រឿងដែលរុស្ស៊ីបានបាញ់បង្ហោះពេញមួយយប់។
សេចក្តីថ្លែងការណ៍បាននិយាយថា ការការពារដែនអាកាសរបស់ប្រទេសនេះធ្វើការនៅក្នុងតំបន់ Odesa ភាគនិរតី។
ទោះជាយ៉ាងណា ទាំងអាជ្ញាធររុស្ស៊ី និងបេឡារុស្ស មិនទាន់ធ្វើអត្ថាធិប្បាយលើការអះអាងនេះទេ៕