ក្រុមបាតុករប្រឆាំងសង្រ្គាម និងប៉ូលិសអូស្រ្តាលី បានប៉ះទង្គិចគ្នា នៅក្រៅកន្លែង ពិព័រណ៍វិស័យការពារជាតិ ក្នុងទីក្រុង Melbourne នៅថ្ងៃពុធ(ទី១១ខែកញ្ញា)នេះ។
ដោយមនុស្សរាប់សិបនាក់ ត្រូវបានចាប់ខ្លួន។
-នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
ក្រុមបាតុករ បានយកវត្ថុផ្សេងៗ មានទាំងដុំថ្ម ចោលទៅលើប៉ូលិស ។
ដែលព្យាយាមការពារសុវត្ថិភាព អ្នកចូលរួមពិព័រណ៍ខាងលើ។
កងកម្លាំងប៉ូលិស បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់បែកធ្វើឱ្យងងីងងើ (stun grenade) ដើម្បីបំបែកហ្វូងបាតុករ ។
ខណៈមនុស្សចំនួន ៣៩នាក់ត្រូវបានចាប់ខ្លួន សម្រាប់ការប្រព្រឹត្តបទល្មើសផ្សេងៗ រួមមានដូចជាប្រើហិង្សា ឬបង្កភាពរាំងស្ទះដល់ប៉ូលិស ដុតបំផ្លាញសម្ភារ និងបិទផ្លូវ។
មនុស្សប្រហែល១,២០០នាក់ បាននាំគ្នាមកចូលរួមការធ្វើបាតុកម្ម នៅក្រៅកន្លែងប្រារព្ធពិព័រណ៍ការពារជាតិ Land Forces International Land Defence Exposition ដែលប្រព្រឹត្តទៅ២ឆ្នាំម្តង។
អ្នកតវ៉ាភាគច្រើន បានស្រែកពាក្យស្លោកគាំទ្របុព្វហេតុប៉ាឡេស្ទីន និងកាន់ទង់ជាតិប៉ាឡេស្ទីន ។
ខណៈអ្នកមួយចំនួនផ្សេងទៀត បានលើកផ្ទាំងនិងទង់ តំណាងឱ្យជម្លោះក៏ដូចជាបុព្វហេតុដទៃទៀត។
គួរបញ្ជាក់ថា ពិព័រណ៍ការពារជាតិខាងលើ មានរយៈពេលសរុប៣ថ្ងៃ គឺនឹងប្រព្រឹត្តទៅដល់ថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីតាំងបង្ហាញសព្វាវុធ ព្រមទាំងបច្ចេកវិទ្យាយោធាចម្រុះ មកពីគ្រប់ទិសទីជុំវិញពិភពលោក។ ពាក់ព័ន្ធការធ្វើបាតុកម្ម នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese បាននិយាយថា ប្រជាជនអូស្រ្តាលី មានសិទ្ធិធ្វើបាតុកម្ម ប៉ុន្តែមិនមែនហិង្សានោះឡើយ៕