មន្ត្រីបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍(ទី១២ខែកញ្ញា)ថា មនុស្ស៣៧នាក់បានស្លាប់ និងប្រហែល៤០ម៉ឺននាក់ផ្សេងទៀតត្រូវជម្លៀស។
បន្ទាប់ពីទឹកជំនន់ដ៏ធំ នៅក្នុងទីក្រុង Maiduguri ភាគឦសាននៃប្រទេស នីហ្សេរីយ៉ា។
អគ្គនាយកទីភ្នាក់ងារ គ្រប់គ្រងគ្រោះអាសន្នជាតិ (NEMA) លោក Zubaida Umar បាននិយាយ នៅក្នុងកិច្ចប្រជុំសម្របសម្រួលគ្រាអាសន្នថ្នាក់ជាតិនៅក្នុងរដ្ឋធានី Abuja ថា សាកសពចំនួន៣៧ នាក់ត្រូវបានសង្គ្រោះ ដោយក្រុមរុករក និងជួយសង្គ្រោះ បន្ទាប់ពីទឹកជំនន់ដ៏ខ្លាំងកាលពីថ្ងៃអង្គារ។
ទឹកជំនន់ បានវាយប្រហារទីក្រុង Maiduguri រដ្ឋធានីនៃរដ្ឋ Borno ដោយសាលារៀន មន្ទីរពេទ្យ ការិយាល័យរដ្ឋាភិបាល សួនសត្វ មជ្ឈមណ្ឌលគោរពបូជា ធនាគារ ទីផ្សារ និងតំបន់ពាណិជ្ជកម្មបានលិចទឹក។
អាជ្ញាធរបានពណ៌នាទឹកជំនន់ថាជាឧបទ្ទវហេតុដ៏អាក្រក់បំផុត ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ។
Barkindo Saidu អគ្គនាយកនៃទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នរដ្ឋ Borno (SEMA) បានប្រាប់ Anadolu ថាប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងបន្ត។
លោកបានបន្ថែមថា ជិតពាក់កណ្តាលទីក្រុង នៅតែលិចទឹកពីរថ្ងៃបន្ទាប់ពីគ្រោះទឹកជំនន់ដែលបានបំផ្លិចបំផ្លាញ៕