(ភ្នំពេញ)៖ យោងតាមសារលិខិតចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
បានលើកឡើងថា ក្នុងនាមជាប្រទេសដែលបានឆ្លងកាត់សង្រ្គាមជាច្រើនទស្សវត្សរ៍ កម្ពុជា ទទួលស្គាល់នូវសារៈសំខាន់ដែលមិនអាចកាត់ថ្លៃបាននៃសន្តិភាព និងស្ថិរភាព ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍរបស់ប្រទេសនីមួយៗក៏ដូចជាសហគមន៍អន្តរជាតិ។
បើគ្មានសន្តិភាពនិងស្ថិរភាពនោះទេ យើងក៏ពុំអាចសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពបានដែរ។
នៅក្នុងឱកាសប្រារព្ធ ទិវាសន្តិភាពអន្តរជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ដើម្បីលើកកម្ពស់ការយល់ដឹងពីតម្លៃនៃសន្តិភាពដែលមិនអាចកាត់ថ្លៃបាន ប្រជាពលរដ្ឋកម្ពុជាបង្ហាញនូវឆន្ទៈដ៏មោះមុតក្នុងការការពារ និងចូលរួមកសាងសន្តិភាព ស្ថិរភាព នៅក្នុងប្រទេស តំបន់ និងសកលលោកឱ្យបានគង់វង្សស្ថិតស្ថេរ ស្របតាមការលើកឡើងរបស់ ឯកឧត្តម អាន់តូនីញ៉ូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិថា នៅក្នុងពិភពលោកមួយដែលជាប់គាំងដោយជម្លោះ វិសមភាព និងការរើសអើង យើងត្រូវតែខិតខំបន្ថែមទៀតដើម្បីលើកកម្ពស់ការសន្ទនា ការយោគយល់គ្នាទៅវិញទៅមក និងសិទ្ធិមនុស្សសម្រាប់ទាំងអស់គ្នា។
នៅក្នុងសារលិខិតដដែលនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា អស់រយៈពេលជាងពីរទស្សវត្សរ៍ យើងបានឆ្លងកាត់ភ្នក់ភ្លើងសង្រ្គាម អំពើប្រល័យពូជសាសន៍ សោកនាដកម្ម ការបែកបាក់រងទុក្ខវេទនាខ្លោចផ្សាររកទីបំផុតគ្មាន ដែលបានធ្វើឱ្យយើងទាំងអស់គ្នាយល់ច្បាស់ពីតម្លៃនៃសន្តិភាព និងស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
ជាភ័ព្វសំណាង អតីតកាលដ៏លំបាកវេទនារបស់ប្រជាជាតិយើងត្រូវបានបញ្ចប់ទាំងស្រុងនៅឆ្នាំ១៩៩៨ បន្ទាប់ពីការអនុវត្តដោយជោគជ័យនូវ «នយោបាយឈ្នះ-ឈ្នះ» របស់អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាននាំមកវិញនូវសុខសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុងជូនប្រជាជាតិយើង។
ទន្ទឹមនេះ ដើម្បីធានានូវសុខសន្តិភាព រាជរដ្ឋាភិបាល បានបន្តគិតគូយ៉ាងម៉ត់ចត់អំពីសុខមាលភាពរបស់ប្រជាជន ក្នុងនោះ របបសន្តិសុខសង្គមត្រូវបានបម្រើកាន់តែទូលំទូលាយសម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងការធានាបាននូវសន្តិភាព សមធម៌និងសាមគ្គីធម៌សង្គម និងដើម្បីលើកម្ពស់សុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋ រួមចំណែកកាត់បន្ថយភាពក្រីក្រ និងអស្ថិរភាពសង្គម។
រាជរដ្ឋាភិបាលនៅគ្រប់នីតិកាលទាំងអស់ បានយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនក្នុងការលើកកម្ពស់វប្បធម៌សន្តិភាព ដោយទទួលស្គាល់ថា សង្គមមាន សន្តិភាព ស្ថិរភាព និងសុខុដុមរមនា គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ប្រវត្តិសាស្រ្តបានបង្ហាញឱ្យឃើញថា បើគ្មានសន្តិភាពទេ នោះគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ការលុប បំបាត់ភាពក្រីក្រ ការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ការផ្តល់ការអប់រំប្រកបដោយគុណភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ក៏ពុំអាចសម្រេចបានដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា សន្តិភាពងាយណាស់ក្នុងការបាត់បង់ តែពិបាកក្នុងការស្វែងរកមកវិញ ហើយបើរកមកបានវិញ ក៏ត្រូវការពេលវេលា និងការលះបង់ជាច្រើនផងដែរ។
ហេតុនេះហើយ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភាសូមបញ្ជាក់សារជាថ្មីឡើងវិញនូវការប្តេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាលក្នុងការថែរក្សា សន្តិភាព និងការតម្កល់ សន្តិភាព ជាគុណតម្លៃខ្ពស់បំផុត គឺគ្មានការប្រែប្រួលជាដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ៕