(ភ្នំពេញ)៖ កាលពីថ្ងៃអង្គារទី១៧ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
បានផ្ញើសារលិខិត ចូលរួមរំលែកទុក្ខជូនចំពោះ លោកសាស្រ្តាចារ្យបណ្ឌិត Myo NYUNT ប្រធានកាកបាទក្រហមមីយ៉ាន់ម៉ា ។
ដែលបានរងគ្រោះខ្យល់ព្យុះ ទីហ្វុង Yagi បង្កឱ្យមានទឹកជំនន់ធ្ងន់ធ្ងរនៅជុំវិញរដ្ឋធានីណៃពិដោ ក្នុងប្រទេសមីយ៉ាន់ម៉ា និងមានផលប៉ះពាល់ដល់ប្រជាជនប្រហែល ៦៣១.០០០នាក់ មានមនុស្សស្លាប់ ២២៦នាក់ និងអ្នកបាត់ខ្លួន ៧៧នាក់។
ខ្លឹមសាររបស់ម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន”លោកសាស្រ្តាចារ្យបណ្ឌិត Myo NYUNT ប្រធានកាកបាទក្រហមមីយ៉ាន់ម៉ា ជាទីគោរព!
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានសេចក្តីក្រៀមក្រំក្រៃលែង ដែលបានទទួលដំណឹង អំពីទឹកជំនន់ធ្ងន់ធ្ងរ នៅជុំវិញរដ្ឋធានីណៃពិដោ ដែលបណ្តាលមកពីខ្យល់ព្យុះកំណាចទីហ្វុង Yagi និងខ្យល់មូសុង ដែលធ្វើឱ្យប៉ះពាល់ មនុស្សប្រហែល ៦៣១.០០០នាក់ មានមនុស្សស្លាប់ ២២៦នាក់ និងអ្នកបាត់ខ្លួន ៧៧នាក់”។
នៅក្នុងវេលាដ៏លំបាកនេះ ក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែក សមានទុក្ខដ៏ក្រៀមក្រំ និងរំលែកនូវទុក្ខលំបាកជាមួយកាកបាទក្រហមមីយ៉ាន់ម៉ា និងប្រជាជនមីយ៉ាន់ម៉ាទាំងមូល ជាពិសេសក្រុមគ្រួសារជនរងគ្រោះ និងអ្នកដែលបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តថា៖ ខ្ញុំសូមបួងសួងឱ្យឆាប់ស្តារឡើងវិញយ៉ាងឆាប់រហ័ស នៅក្នុងតំបន់ដែលរងគ្រោះ ជាមួយនឹងការខិតខំ ប្រឹងប្រែងរួមគ្នារបស់កាកបាទក្រហមមីយ៉ាន់ម៉ា សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទ ក្រហម (IFRC) និងសមាគមជាតិជាបងប្អូន និងសូមជូនពរឱ្យប្រជាជនមីយ៉ាន់ម៉ា ទាំងអស់ មានសុខភាពល្អ។
សូមលោកសាស្រ្តាចារ្យបណ្ឌិត មេត្តាទទួលយកនូវការគោរពរាប់អានដ៏ស្មោះពីខ្ញុំ៕