អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធ(ទី១៨ ខែកញ្ញា)ថា គ្រោះទឹកជំនន់ និងការបាក់ដីដែលបង្កឡើងដោយព្យុះទីហ្វុង Yagi បានប៉ះពាល់ដល់កុមារជិត ៦លាននាក់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ។
ខណៈចំនួនអ្នកស្លាប់ ដោយសារគ្រោះមហន្តរាយនេះ ក៏កំពុងបន្តកើនឡើងផងដែរ។
ព្យុះទីហ្វុងYagi នាំមកនូវខ្យល់បោកបក់ខ្លាំងនិងភ្លៀងធ្លាក់យ៉ាងគំហុកទៅកាន់ប្រទេសវៀតណាម ថៃ ឡាវ និងមីយ៉ាន់ម៉ា នៅពេលព្យុះនេះវាយប្រហារពាសពេញតំបន់នេះ កាលពីជិតពីរសប្តាហ៍មុន។
ប្រទេសថៃ បានរាយការណ៍ពីការស្លាប់ចំនួនបីនាក់បន្ថែមទៀតកាលពីថ្ងៃពុធ ដោយបានរុញឱ្យចំនួនអ្នកស្លាប់ក្នុងព្រះរាជាណាចក្រមួយនេះកើនឡើងដល់ជាង៤០នាក់ ។
ខណៈពេលនេះចំនួនអ្នកស្លាប់សរុបជាង៦០០ នាក់ត្រូវបានបញ្ជាក់នៅទូទាំងតំបន់។
វៀតណាម និងមីយ៉ាន់ម៉ាធ្ងន់ធ្ងរជាងគេ ហើយក៏មានអ្នកស្លាប់ច្រើនលើសគេដែរ ក្រោយព្យុះនេះវាយប្រហារនៅហ្វីលីពីននិងចិន។
ទីភ្នាក់ងារកុមារ UNICEF របស់អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កុមារប្រមាណជិត៦លាននាក់ត្រូវបានរងផលប៉ះពាល់ដោយសារព្យុះYagi ទន្ទឹមនឹងការទទួលបានទឹកស្អាត ការអប់រំ ការថែទាំសុខភាព អាហារ និងទីជម្រកទាំងអស់ត្រូវបានសម្របសម្រួល។
លោក ជូន គូនូជី (June Kunugi) នាយកប្រចាំតំបន់របស់អង្គការUNICEF ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បាននិយាយថា កុមារ និងគ្រួសារ ដែលងាយរងគ្រោះបំផុត កំពុងប្រឈមផលវិបាកដ៏ធ្ងន់ធ្ងរបំផុតនៃការបំផ្លិចបំផ្លាញដែលបន្សល់ទុកដោយព្យុះទីហ្វុង Yagiនេះ ។
អង្គការ UNICEF បាននិយាយថា នៅក្នុងប្រទេសវៀតណាម មនុស្សប្រហែល៣លាននាក់កំពុងប្រឈមហានិភ័យនៃជំងឺដោយសារតែកង្វះទឹកស្អាត និងអនាម័យ។
មនុស្សជិត ៤០០.០០០នាក់ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយទឹកជំនន់នៅ មីយ៉ាន់ម៉ា៕