(ភ្នំពេញ)៖ ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៅប្រទេសចិន។
គឺបានចុះហត្ថលេខា លើឯកសារចំនួន២ ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរនៅគ្រប់កម្រិត និងគ្រប់វិស័យ ឱ្យកាន់តែសកម្ម គ្រប់ជ្រុងជ្រោយឡើងបន្ថែមទៀត ស្របតាមបរិបទបច្ចុប្បន្ន ក្នុងការបម្រើផលប្រយោជន៍ជូនប្រទេសនិងប្រជាជនទំាងសងខាង។
ពិធីចុះហត្ថលេខា លើឯកសារទំាង២ បានប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២៤ នៅវិមានសភាតំណាងប្រជាជនចិននាទីក្រុងប៉េកាំង បន្ទាប់ពីថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាង២ បានពិភាក្សាការងារជាទ្វេភាគីប្រកបដោយលទ្ធផលជាទីមោទនៈហើយនោះ។
កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទំាងពីរ បានចុះហត្ថលេខាដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិង ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនចិននៃសាធារណរដ្ឋប្រជាមានិតចិន។
ចំណែក អនុស្សរណៈនៃការយោគយល់គ្នា រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរត្រូវបានចុះហត្ថលេខា ដោយ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា និងឯកឧត្តម លីវ ឈី (LIU QI) អគ្គលេខាធិការ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ នៃតំណាងរាស្ត្រប្រទេសចិន៕