ខណៈអំពើហិង្សា រីករាលដាលពាសពេញមជ្ឈិមបូព៌ា. គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម(ICRC) កាលពីថ្ងៃសុក្រ(ទី៤ខែតុលា) បានអំពាវនាវដល់ភាគីទាំងអស់ ឱ្យផ្តល់អាទិភាពក្នុងការការពារជនស៊ីវិល និងជៀសវាងការវាយប្រហារ ដោយមិនរើសមុខលើប្រជាជន…!។
លោក Nicolas Von Arx នាយកប្រចាំតំបន់របស់ ICRC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រសិនបើអំពើហិង្សា នៅតែបន្តកើនឡើង។
គ្រោះថ្នាក់ដែលអាចកើតមានចំពោះជនស៊ីវិល គឺមិនអាចគណនាបានឡើយ។
ICRC បានសង្កត់ធ្ងន់ថា ជនស៊ីវិល រួមទាំងក្រុមងាយរងគ្រោះ ដូចជាកុមារ និងមនុស្សចាស់ ប្រឈមមុខនឹងហានិភ័យខ្ពស់ ដោយសារសេវាថែទាំសុខភាព និងការផ្គត់ផ្គង់មូលដ្ឋានបានធ្លាក់ចុះ។
អង្គការបានសង្កត់ធ្ងន់បន្ថែមទៀតអំពីសារៈសំខាន់នៃការការពារបុគ្គលិកថែទាំសុខភាព និងសម្ភារៈបរិក្ខារដោយបញ្ជាក់ថា៖ រថយន្តសង្គ្រោះ កន្លែងថែទាំសុខភាព និងអ្នកឆ្លើយតបដំបូងត្រូវតែការពារ។
ភាគីនៃជម្លោះត្រូវតែធានានូវតម្រូវការជាមូលដ្ឋានរបស់ជនស៊ីវិល រួមទាំងទឹក អាហារ និងការថែទាំវេជ្ជសាស្រ្ត។
ហើយពួកគេត្រូវតែជួយសម្រួលដល់ការឆ្លងកាត់ការផ្គត់ផ្គង់ បរិក្ខារ និងបុគ្គលិកនៃអង្គការជំនួយមនុស្សធម៌ និងមិនលំអៀងយ៉ាងឆាប់រហ័ស និងគ្មានការរារាំង។
ICRC បាននិយាយថា ខ្លួនកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួននៅក្នុងតំបន់។
ប៉ុន្តែព្រមានថា ទំហំនៃតម្រូវការអាចគ្របដណ្ដប់លើអង្គការមនុស្សធម៌ក្នុងពេលឆាប់ៗនេះ៕