ក្រសួងសុខាភិបាលលីបង់ បានប្រកាសនៅថ្ងៃពុធ(ទី៩ខែតុលា)ថាចំនួនអ្នកស្លាប់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល លើប្រទេសលីបង់ បានកើនឡើងដល់ 2,119 នាក់ និងរបួសចំនួន 10,019 នាក់ ចាប់តាំងពីថ្ងៃទី៨ ខែតុលា ឆ្នាំ 2023 ។
ក្រសួង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងរយៈពេល 24 ម៉ោងកន្លងទៅនេះ មនុស្ស 36 នាក់បានស្លាប់ និង 150នាក់ផ្សេងទៀត បានរងរបួស..!។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ រដ្ឋមន្ត្រីក្រសួងបរិស្ថាន Nasser Yassin បាននិយាយថា ក្នុងអំឡុងពេល 24 ម៉ោងកន្លងមក ។
ការវាយប្រហារតាមអាកាសចំនួន 137 ត្រូវបានកត់ត្រា ដែលនាំឱ្យចំនួនការវាយប្រហារសរុបចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានដល់ទៅ 9,400”។
លោក Yassin បានបន្ថែមថា មជ្ឈមណ្ឌលចំនួន 990 ត្រូវបានបើកដើម្បីទទួលជនភៀសខ្លួន ដែលក្នុងនោះ 781 មជ្ឈមណ្ឌលបានឈានដល់សមត្ថភាពអតិបរមារបស់ពួកគេ ដោយមានជនភៀសខ្លួនចំនួន 181,700 នាក់បានចុះឈ្មោះនៅក្នុងជម្រក ។
លោករដ្ឋមន្ត្រី បានបន្តទៀតថា គណៈកម្មាធិការគ្រាអាសន្នរបស់ក្រសួងនឹងទទួលបន្ទុកទទួលជំនួយអន្តរជាតិ និងចែកចាយដល់ជនភៀសខ្លួនតាមបណ្តាខេត្តនានា តាមរយៈយន្តការច្បាស់លាស់ និងតម្លាភាព។
អ៊ីស្រាអែល បានធ្វើការវាយប្រហារផ្លូវអាកាសទ្រង់ទ្រាយធំ នៅទូទាំងប្រទេសលីបង់ សំដៅលើទីតាំងរបស់ក្រុមហេសបូឡា ចាប់តាំងពីថ្ងៃទី ២៣ ខែកញ្ញា។
យុទ្ធនាការពីលើអាកាស គឺជាការកើនឡើង នៅក្នុងសង្គ្រាមឆ្លងព្រំដែនរយៈពេលមួយឆ្នាំរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុកដ៏ឃោរឃៅរបស់ទីក្រុង Tel Aviv នៅលើតំបន់ហ្គាហ្សាស្ទ្រីប ដែលបានសម្លាប់មនុស្សជិត 42,000 នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស់ កាលពីឆ្នាំមុន៕