ប្រធានកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានគំរាមកាលពីថ្ងៃព្រហស្បតិ៍(ទី១៧ ខែតុលា)ថា នឹងវាយប្រហារលើអ៊ីស្រាអែលម្តងទៀត។
ដើម្បីចាត់ទុកជាការឆ្លើយតបទៅនឹងសកម្មភាពយោធាអ៊ីស្រាអែល ដែលបានសម្លាប់មេដឹកនាំក្រុម Hezbollah លោក Hassan Nasrallah នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅទីក្រុង Beirut កាលពីខែមុន។
លោក បាន បន្ថែម ថា ៖ « ប្រសិន បើ អ្នក ប្រព្រឹត្ត ខុស បើ អ្នក វាយ ប្រហារ អ្វី មួយ នៃ គោល ដៅ របស់ យើង ទាំង ក្នុង តំបន់ ឬ ក្នុង ប្រទេស អ៊ីរ៉ង់ យើង នឹង វាយ អ្នក ជា ថ្មី ម្តង ទៀត ដោយ ការ ឈឺ ចាប់»។
មេបញ្ជាការអ៊ីរ៉ង់បាននិយាយថា ការវាយប្រហារដោយមីស៊ីលកាលពីថ្ងៃទី 1 ខែតុលា ប្រឆាំងនឹងអ៊ីស្រាអែល គឺជា “តូចបំផុត” នៅក្នុងសមត្ថភាពយោធារបស់អ៊ីរ៉ង់។
លោក Salami បានបន្ថែមថា “យើងដឹងពីភាពទន់ខ្សោយរបស់សត្រូវ (អ៊ីស្រាអែល)” ។
ការព្រមានរបស់លោក Salami ធ្វើឡើងនៅពេលដែលរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi កំពុងបំពេញទស្សនកិច្ចនៅអេហ្ស៊ីបកាលពីថ្ងៃព្រហស្បតិ៍ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីទប់ស្កាត់ការវាយប្រហារណាមួយរបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។
អ៊ីរ៉ង់កំពុងមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទន្ទឹងរង់ចាំការឆ្លើយតបរបស់យោធាអ៊ីស្រាអែលចំពោះការវាយប្រហារដោយមីស៊ីលកាលពីថ្ងៃទី 1 ខែតុលា ដោយទីក្រុងតេអេរ៉ង់ ដែលបាននិយាយថា ការវាយប្រហារនេះគឺជាការសងសឹកចំពោះការធ្វើឃាតមេដឹកនាំក្រុមហេសបូឡា និងក្រុមហាម៉ាសនាពេលថ្មីៗនេះ។
អ៊ីស្រាអែល បាន គំរាម វាយប្រហារ សងសឹក យ៉ាង សាហាវ ច្បាស់លាស់ និង ជា ពិសេស គួរ ឱ្យ ភ្ញាក់ផ្អើល ប្រឆាំង នឹង អ៊ីរ៉ង់។
ភាពតានតឹងក្នុងតំបន់បានកើនឡើងដោយសារតែការវាយលុកដ៏ឃោរឃៅរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប ដែលបានសម្លាប់មនុស្សជាង 42,400 នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់កាលពីឆ្នាំមុន។
ជម្លោះនេះបានរីករាលដាលដល់ប្រទេសលីបង់ ដោយអ៊ីស្រាអែលបានបើកការវាយប្រហារយ៉ាងសាហាវនៅទូទាំងប្រទេស ដែលបានសម្លាប់មនុស្សជាង 1,500 នាក់ និងរបួសជាង 4,500 នាក់ទៀតចាប់តាំងពីខែមុន៕