កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃសុក្រ(ទី១៨ខែតុលា) បានព្រមានដល់ប្រជាជននៃភូមិចំនួន២៣ នៅភាគខាងត្បូងប្រទេសលីបង់ ឱ្យជម្លៀសចេញពីផ្ទះ និងផ្លាស់ទីទៅភាគខាងជើងនៃទន្លេ Awali ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើ X អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល.លោក Avichay Adraee បានរាយបញ្ជីភូមិ.ដែលរងផលប៉ះពាល់ដែលរួមមាន Tire Harfa, Alama Al-Shaab និង Naqoura ។
លោក Adraee បានលើកឡើងនូវអ្វីដែលលោកហៅថា សកម្មភាពរបស់ក្រុមហេសបូឡា ជាហេតុផលចម្បងសម្រាប់ការបញ្ជាជម្លៀសចេញ។
មនុស្សជាង 1.2 លាននាក់ ត្រូវបានគេរាយការណ៍ថា បានផ្លាស់ទីលំនៅនៅក្នុងប្រទេសលីបង់ ដែលកំពុងភៀសខ្លួនពីការវាយប្រហាររបស់អ៊ីស្រាអែល ឬគោរពតាមបញ្ជារបស់ខ្លួនក្នុងការជម្លៀស ឬទាំងពីរ។
ក្រុមអ្នកសង្កេតការណ៍អន្តរជាតិបានបរិហារស្ថានការណ៍ដោយនិយាយថា បទបញ្ជានេះអាចជាឧក្រិដ្ឋកម្មសង្គ្រាម ហើយការផ្លាស់ទីលំនៅដ៏ធំបែបនេះគំរាមកំហែងដល់មហន្តរាយមនុស្សធម៌។
អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី 23 ខែកញ្ញា បានបង្កើនការទម្លាក់គ្រាប់បែកនៅទូទាំងប្រទេសលីបង់ ដោយសំដៅលើទីតាំងរបស់ក្រុមហេសបូឡា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 1,437 នាក់ របួសជាង 4,123 នាក់ និងមនុស្សជាង 1,34 លាននាក់ត្រូវផ្លាស់ទីលំនៅ៕