ការិយាល័យរបស់ លោកប្រធានាធិបតីអ៊ីស្រាអែល បាននិយាយថា យន្តហោះគ្មានមនុស្សបើក១គ្រឿង ដែលបាញ់ចេញពីប្រទេសលីបង់ កាលពីថ្ងៃសៅរ៍(ទី១៩ខែតុលា) បានវាយប្រហារលំនៅដ្ឋាន របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅភាគខាងជើងប្រទេសអ៊ីស្រាអែល…!។
ការិយាល័យនាយករដ្ឋមន្ត្រី ក៏បានថ្លែងដែរថា យន្តហោះគ្មានមនុស្សបើកដែលបាញ់ចេញពីប្រទេសលីបង់ សំដៅទៅលើផ្ទះ ឯកជនរបស់លោក Netanyahu នៅទីក្រុង Caesarea ភាគខាងជើង ប្រទេសអ៊ីស្រាអែល។
សេចក្តីថ្លែងការណ៍ បន្ថែមថា នាយករដ្ឋមន្ត្រី និងក្រុមគ្រួសាររបស់គាត់ មិននៅផ្ទះទេ នៅពេលមានការវាយប្រហារ។
ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល រួមទាំងសារព័ត៌មានប្រចាំថ្ងៃ Maariv បានចាត់ថាការប៉ុនប៉ងវាយប្រហារ។
ដោយយន្តហោះគ្មានមនុស្សបើកមកលើលំនៅដ្ឋានឯកជនរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu នៅទីក្រុង Caesarea ថាជា “ការបរាជ័យផ្នែកសន្តិសុខធ្ងន់ធ្ងរ”។
កងកម្លាំងទ័ពអាកាសអ៊ីស្រាអែល តាមសេចក្តីរាយការណ៍បានបើកការស៊ើបអង្កេតលើរបៀប ដែលយន្តហោះគ្មានមនុស្សបើកអាចចូលទៅក្នុងដែនអាកាសរបស់ Caesarea ដោយមិនមានការស្ទាក់ចាប់។
មុននេះ កងទ័ពអ៊ីស្រាអែល បាននិយាយថា យន្តហោះគ្មានមនុស្សបើកចំនួនបីគ្រឿង បានបាញ់ចេញពីប្រទេសលីបង់ ដែលពីរគ្រឿងត្រូវបានស្ទាក់ចាប់បានដោយជោគជ័យ ។
ខណៈដែលយន្តហោះទីបីបានធ្លាក់ចូលទៅក្នុងអគារមួយក្នុងទីក្រុង Caesarea ភាគខាងជើងប្រទេសអ៊ីស្រាអែល និងមិនមានរាយការណ៍ថាមានមនុស្សស្លាប់ទេ។
គ្មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។
ទោះបីជាយ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ក្រុមហេសបូឡាហ៍បានប្រកាសពីចេតនារបស់ខ្លួនក្នុងការចូលទៅក្នុង “ដំណាក់កាលថ្មី និងកើនឡើង” ក្នុងការប្រឈមមុខដាក់គ្នាជាមួយអ៊ីស្រាអែល ទោះបីជាព័ត៌មានលម្អិតជាក់លាក់អំពីដំណាក់កាលនេះមិនត្រូវបានផ្តល់ឱ្យក៏ដោយ។
ខណៈពេលដែលសង្រ្គាមឆ្លងព្រំដែនរវាងកងកម្លាំងអ៊ីស្រាអែល និងក្រុម Hezbollah បានបន្តចាប់តាំងពីសង្រ្គាម Gaza កាលពីខែតុលាឆ្នាំមុន អ៊ីស្រាអែលបានបង្កើនការវាយលុករបស់ខ្លួននៅក្នុងប្រទេសលីបង់កាលពីចុងខែមុន ដោយបានសម្លាប់មេដឹកនាំ Hezbollah Hassan Nasrallah និងមេបញ្ជាការជាច្រើនទៀត៕