(ភ្នំពេញ)៖ បុរសម្នាក់បានស្លាប់ក្នុងថ្លុកឈាម បន្ទាប់ពីជិៈម៉ូតូឆ្លងផ្លូវបំបែក ហើយក៏ត្រូវរថយន្តដឹកទំនិញបើកលឿនបុកយ៉ាងពេញទំហឹង។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង លើផ្លូវបេតុងហៅផ្លូវហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខកាលពីវេលាម៉ោង១១យប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនកើតហេតុ មានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅផ្លាកលេខកណ្តាល 1AQ-9005 តាមបណ្តោយផ្លូវលេខ៩២ទិសដៅពីកើតទៅលិចក្នុងគោលបំណងឆ្លងភ្លើងស្តុប។ លុះឆ្លងបានពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តដឹកទំនិញ១គ្រឿង បើកមកបុកម៉ូតូពេញទំហឹងបណ្តាលឱ្យបុរសរងគ្រោះស្លាប់ក្នុងថ្លុកឈាមភ្លាមៗតែម្ដង។
រថយន្តបង្កខាងលេីជាប្រភេទរថយន្តធុនធំដឹកទំនិញចំណុះ២.៥តោន ដែលមានផ្លាកលេខភ្នំពេញ 3C-9488 បើកបរតាមវិថីភ្នំពេញហាណូយ ក្នុងទិសដៅពិជើងទៅត្បូងដោយល្បឿនលឿនលុះមកដល់ចំណុចកើតហេតុក៏ឃើញម៉ូតូកំពុងបើកឆ្លង ចាប់ហ្វ្រ័ងមិនទាន់ក៏បុកពេញទំហឹង។ ចំណែកអ្នកបើករថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍រដ្ឋបាលដើម្បីសាកសួរ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញបានចុះមកដល់ក៏វាស់វែងហើយយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយតាមផ្លូវច្បាប់ពេលក្រោយ។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕