ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា កិច្ចសហប្រតិបត្តិការក្នុងទម្រង់ អ៊ុយក្រែន បូកអឺរ៉ុបខាងជើង(Ukraine plus Northern Europe) កំពុងតែឈានទៅមុខ ហើយអាចបង្កើនសម្ពាធលើរុស្ស៊ីថែមទៀត។ នេះបើយោងតាមសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ ២០២៤។
ប្រទេសនៅអឺរ៉ុបខាងជើង (Nordic) ទាំង៥គឺ ហ្វាំងឡង់ ស៊ុយអែត ន័រវែស ដាណឺម៉ាក និងអ៉ីស្លង់ ឥឡូវនេះជាសមាជិកអង្គការណាតូ (NATO) គឺជាអ្នកគាំទ្រយ៉ាងរឹងមាំចំពោះអ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងរបស់រុស្ស៉ី។ ក្នុងវីដេអូកាលពីថ្ងៃអាទិត្យ លោក ហ្សេលេនស្គី បានបញ្ជាក់ថា ពួកគេយល់ពីភាពចាំបាច់ក្នុងការដាក់សម្ពាធ លើអ្នកឈ្លានពាន ដូច្នេះរុស្ស៊ីនឹងបាត់បង់ឱកាសក្នុងការសម្លាប់មនុស្ស។ នៅសប្តាហ៍ខាងមុខ យើងនឹងនិយាយជាមួយប្រទេស Nordics អំពីជំហានដំបូងថ្មីមួយ ដែលអាចបង្កើនសម្ពាធលើរុស្ស៊ីក្នុងសង្រ្គាម ហើយក៏សម្រាប់ប្រយោជន៍ផ្នែកការទូតផងដែរ។
គួររំលឹកថា ប្រទេស Nordic បានប្រាប់ លោក ហ្សេលេនស្គី កាលពីឆ្នាំមុនថា ពួកគេនឹងគាំទ្រអ៊ុយក្រែនដរាបណានៅតែតស៊ូ ដើម្បីបណ្តេញកងកម្លាំងរុស្ស៊ី។ ហើយថាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តផ្តល់ជំនួយផ្នែកយោធា សេដ្ឋកិច្ច និងមនុស្សធម៌យ៉ាងទូលំទូលាយ។ តាមលោក ហ្សេលេនស្គី ជំនួយយោធារួមគ្នាពីបណ្តាប្រទេស Nordic នឹងមានចំនួន ៦ពាន់លានអឺរ៉ូ នៅឆ្នាំ ២០២៤នេះ ក្រោមកិច្ចព្រមព្រៀងសន្តិសុខដាច់ដោយឡែក។ វាបានកើនឡើងចំនួន ១១ពាន់លានអឺរ៉ូ កាលពីចុងឆ្នាំ ២០២៣៕